ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ទឹកត្រី ទឹកម្ទេស និងទឹកស៊ីអ៊ីវ ខូចគុណភាព ត្រូវបានរកឃើញ…

កោះកុង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា៖ នៅថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូល ខេត្តកោះកុង ដោយមានការចូលរួមសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ដែលដាក់តាំងលក់នៅក្នុងផ្សារប៉ាកខ្លង ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ផលិតផលទំនិញខូចគុណភាព ចំនួន ៣៣ ដប មានដូចជា៖ ទឹកត្រី ទឹកម្ទេស និងទឹកស៊ីអ៊ីវ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ដើម្បីយកទៅដុតកម្ទេចចោល តាមនីតិវិធី និងបានឲ្យអាជីវករ ធ្វើកិច្ចសន្យាបញ្ឈប់ការលក់ម្អូបអាហារមិនប្រក្រតីបន្តទៀត។

ក្នុងថ្ងៃដដែលនោះដែរមន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តន៍ទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់