ព័ត៌មានជាតិ

ឆក់កាបូបស្ត្រីជនជាតិជប៉ុនបានសម្រេច ជិះគេចខ្លួន ម្ចាស់ទាន់រត់ចែកជើងគ្នា

ភ្នំពេញៈ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ត្រីជនជាតិជប៉ុនម្នាក់ បានសម្រេចនៅខណ្ឌទួលគោក ត្រូវម្ចាស់តាមទាន់នៅខណ្ឌឬស្សីកែវ រត់ចែកជើងគ្នា ចោលម៉ូតូមួយគ្រឿង កាលពីវេលាម៉ោង ៣និង៤០នាទី​ រសៀលថ្ងៃទី១២​ ខែមិនា​ ឆ្នាំ​២០១៩ តាមបណ្តោយផ្លូវ២០០១​ ភូមិស្ពានខ្ពស់​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះឈ្មោះ យូ​ ជីយោ ភេទស្រី ជនជាតិជប៉ុន អាយុ៤៦ឆ្នាំ​ មុខរបរ​ នៅផ្ទះស្នាក់នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ សម្ភារ​បាត់បង់៖ ទូរស័ព្ទម៉ាកអាយុហ្វូន១គ្រឿង​ អាយផេតមួយគ្រឿង​ លុយ៣០ដុល្លារ និងឯកសារមួយចំនួនទៀត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ បានដើរឆ្លងផ្លូវនៅម្តុំផ្សារធីខេ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក ហើយក៏ត្រូវក្រុមជនសង្ស័យ ធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចក្រុមជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។

លុះរហូតដល់ម៉ោងកើតហេតុ ដោយជនរងគ្រោះ មានដាក់ប្រព័ន្ធ GPS ជាប់ទូរស័ព្ទ បានឆែករកឃើញទីតាំងជនសង្ស័យ នៅផ្លូវបេតុង២០០១ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏ទៅរកតាម ឃើញក្រុមជនសង្ស័យកំពុងនៅជុំគ្នា ខណៈនោះពួកគេងាកមកឃើញជនរងគ្រោះវិញ ភ័យស្លន់ស្លោ នាំគ្នារត់ឡើងម៉ូតូមួយគ្រឿងគ្នា៣នាក់ ជិះគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក និក ពណ៌ប្រផេះលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HF 9261 នៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុភ្លាមៗសមត្ថកិច្ចខណ្ឌឬស្សីកែវ បានចុះទៅដល់កន្លែងកើតហេតុ តែតាមមិនទាន់ជនសង្ស័យឡើយ រួចក៏សាកសួព័ត៌មានពីជនរងគ្រោះ បន្ទាប់មកទាក់ទងសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី១ នាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង៕

មតិយោបល់