ព័ត៌មានជាតិ

ហុងដា C125 ពន្លះសាំងយ៉ុង ក្នុងទិសបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅចំណុចលើផ្លូវជាតិ៥១ ចន្លោះគីទ្បូម៉ែត្រលេខ ១៧-១៨ ភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាកហុងដា C125 (2006) ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ 1J-7798 បើកបរដោយឈ្មោះ ហ៊ីង ផល ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិក្រសាំងផ្អែម ឃុំវាលពង់ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត ០១គ្រឿង ម៉ាក សាំងយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់ឈ្មោះ បានធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា។

ករណីនេះ បណ្ដាលឲ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារដូចខាងក្រោម៖
– ស្លាប់បុរសម្នាក់ នៅនឹងកន្លែងកើតហេតុ (អ្នកបើកបរម៉ូតូ)
– អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់
– ខូចខាតម៉ូតូ ១គ្រឿងធ្ងន់
– ខូចខាតរថយន្ត ១គ្រឿងធ្ងន់

ក្រោយកើតហេតុវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់