ភ្នំពេញៈ ប្តីប្រពន្ធពីរនាក់ បានជិះម៉ូតូឌុបគ្នា ត្រលប់មកពីកន្លែងធ្វើការ ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ត្រង់ចំណុចក្បែរមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវ១៥៦ កែងនិងផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
តាមសម្តីពីជនរងគ្រោះទាំងពីរនាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីស្មាក់រេវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1BZ-5669 ធ្វើដំណើរដឹកគ្នាពីកើតទៅលិចចេញពីកន្លែងធ្វើការ នៅម្តុំខាងក្រោយព្រះបរមរាជវាំង បំណងត្រលប់ទៅផ្ទះវិញនៅម្តុំទឹកថ្លា តាមបណ្ដោយផ្លូវលេខ១៥៦។
លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿង បានបើកបត់ឆ្លងផ្លូវនៅខាងមុខ ខណៈនោះ ជនរងគ្រោះ ក៏បានបន្ថយល្បឿនម៉ូតូបម្រុងឈប់ ស្រាប់តែលេចមុខក្រុមជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX មិនចាំស្លាកលេខ ជិះមកពីក្រោយម៉ូតូរបស់ជនរងគ្រោះ រួចធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះជាប្រពន្ធ ដែលកាន់ក្តោបដាក់ពីមុខបានសម្រេច បណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសស្រាល ចំណែកឯជនសង្ស័យបានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ភ្លាមៗនោះជនរងគ្រោះជាប្តី បានព្យាយាមបើកម៉ូតូដេញតាមក្រុមជនសង្ស័យ និងស្រែកថា ចោរៗ ឲ្យគេឯងជួយ តែជិះដេញមិនទាន់ក្រុមជនសង្ស័យនោះទេ។
សម្ភារបាត់បង់នៅក្នុងកាបូបរបស់ជនរងគ្រោះ ដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកទៅមាន៖ លុយដុល្លារជិត៥០ដុល្លារ អត្តសញ្ញាណប័ណ្ណមួយសន្លឹក និងសម្ភារៈមួយចំនួនទៀត។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរប្តីប្រពន្ធ បានដឹកគ្នាទៅដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋទឹកល្អក់ទី២ ដើម្បីឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវវែកមុខជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់