ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបង្ហើបឲ្យដឹងអំពីគម្រោងនឹងចាប់ខ្លួនផ្កាយ២មួយរូបទាក់ទងទៅនឹងអំពើពុករលួយ។ លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង បញ្ជាក់បែបនេះ ខណៈពេលដែលលោកបានចូលរួមធ្វើបទឧទ្ទេសនាមក្រោមប្រធានបទច្បាប់ប្រឆាំងអំពើពុករលួយនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤។
លោកទេសរដ្ឋមន្ត្រីលើកឡើងយ៉ាងនេះថាឥឡូវនេះខ្ញុំសូមជម្រាបថា យើងបានចេញដីកាចាប់ខ្លួនចំនួន២នាក់ ហើយនៅអាទិត្យក្រោយសូមជ្រាបថា នឹងចេញដីកាចាប់ខ្លួនផ្កាយ២ម្នាក់ទៀតដែលបានរត់គេច ហើយយើងខ្ញុំនឹងប្រកាសនៅក្នុងវ៉េបសាយអំពីការស្វែងរកចាប់ខ្លួនផ្កាយ២ម្នាក់នោះ។ លោកបញ្ជាក់ថា ករណីនេះនៅមិនទាន់មានអ្នកណាដឹងច្រើនទេ ប៉ុន្តែលោកបានបង្ហើបប្រាប់សិស្សឲ្យបានដឹងជាមុន។
ទោះជាយ៉ាងណាលោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង មិនបានបង្ហើបឲ្យដឹងអំពីសមាសភាពផ្កាយ២រូបនោះស្ថិតនៅក្នុងស្ថាប័នប៉ូលិស ឬទាហាននោះទេ។ គួររំលឹកថា ទាក់ទងនឹងការចាប់ខ្លួនមន្ត្រីធំៗពាក់ព័ន្ធនឹងអំពើពុករលួយនេះមិនមែនជាលើកទី១ ទេ ដែលអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួននោះ ដែលកន្លងមកអង្គភាពមួយនេះធ្លាប់បានចាប់ឧត្តមសេនីយ៍ថ្នាក់ផ្កាយជាច្រើននាក់រួចមកហើយៗក៏មានមន្ត្រីនៅក្នុងរាជរដ្ឋាភិបាលមួយចំនួនផងដែរទាក់ទងនឹងអំពើពុករលួយ៕
https://i1272.photobucket.com/albums/y389/domneng/3D/K1_zpsa837dfa4.jpg
មតិយោបល់