ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ របួសបែកក្បាល និងបាក់.កស្លាប់ក្នុងថ្លុកឈាមមួយរំពេច កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងត្បូងស្តុបផ្លូវបំបែកហាណូយកែងនិងផ្លូវវិមានឈ្នះៗ ប្រមាណ៥០០ម៉ែត្រ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសរងគ្រោះខាងលើ បានបើកបរម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបភី ស៊េរី០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HI-3207 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយពីត្បូងទៅជើង ក្នុងល្បឿនលឿន។ ស្របពេលនោះ ក៏ស្រាប់តែមានតែមានរថយន្តធុនធំមួយគ្រឿងទៀតមិនចាំម៉ាក ជាប្រភេទរថយន្តដឹកទំនិញ បានបើកក្នុងទិសដៅបញ្រ្ចាសគ្នា មកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើ បានបត់ឆ្លងផ្លូវទៅខាងឆ្វេង បំណងចូលទៅក្នុងឃ្លាំងដែលនៅក្បែរនោះ។ ដោយម៉ូតូជនរងគ្រោះ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តបង្កចំពីមុខពេញទំហឹង បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូ ភ្លាមៗនៅនឹងកន្លែង។ ចំណែកម៉ូតូរងការខូចខាតផ្នែងខាងមុខយ៉ាងដំណំ ហើយរថយន្តបង្កមិនបានឈប់ទេ បែរជាព្យាយាមបន្ថែមល្បឿនបើករត់គេច ចូលទៅក្នុងឃ្លាំងទំនិញ ដែលនៅក្បែរនោះ រួចបិទទ្វារជិតឈឹង។
ភ្លាមៗផងដែរ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការឆែកឆេរទៅលើសពជនរងគ្រោះ ឃើញមានទូរស័ព្ទដៃ ម៉ាកអាយហ្វូនដែលរងការខូចខាតមួយគ្រឿង និងអត្តសញ្ញាណប័ណ្ណរបស់ជនរងគ្រោះ ដែលមានឈ្មោះ ង៉ែត ផានិត ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង យកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយកំពុងធ្វើស្រាវជ្រាវរករថយន្តបង្ក យកមកដោះស្រាយចំពោះមុខច្បាប់។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារដឹង យកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់