ព័ត៌មានជាតិ

ជិះម៉ូតូ​ប៉ះ​គ្នា​តិចតួច ​មើល​មុខ​ឌឺ​ដង​វាយ​គ្នា​ ផ្អើលសមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​

ភ្នំពេញៈ បុរសម្នាក់​បានរងរបួស​ចំដើមទ្រូងខាងឆ្វេង ឈាមហូរ​ស្រោច​ខ្លួន​ បន្ទាប់​ពីរ​​ជិះម៉ូតូ​ជាមួយមិត្តភក្តិ​ទៅ​ប៉ះ​ជាមួយម៉ូតូរបស់​យុវជន​ពីរ​នាក់​ ហើយក៏កើតជាជម្លោះ​ហិង្សា​​ បង្ក​ឲ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលាម៉ោង​ ១១និង៣០​នាទី​យប់​ថ្ងៃ​ទី​១៣​ ខែមិនា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ស្តុប​សន្ធរម៉ុក​ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​ បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើត​ហេតុ​ ​បុរសរងគ្រោះ​ និងមិត្តភក្តិ​ម្នាក់ បានជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហ្វីណូ​ ពណ៌​ខៀវ​លាយស​ ពាក់ស្លាកលេខ​ ​ភ្នំពេញ​1CW-9188 រួមជាមួយ​គ្នីគ្នា​​ប្រុស​ស្រី​៩ទៅ​១០នាក់ទៀត​ ជិះម៉ូតូ​៤ទៅ​៥គ្រឿង​មិន​ចាំ​ម៉ាក​។ ដោយ​បាន​ជិះ​បណ្តើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​។

លុះមក​ដល់​ខាង​មុខ​វិទ្យាល័យ​សន្ធរម៉ុក​ ម៉ូតូ​របស់​ជនរងគ្រោះ​ ក៏បាន​ជិះ​ទៅប៉ះ​ពារ​បន្តិច​បន្តួច​ជា​មួយ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​ មិន​ចាំ​ម៉ាក​ ដែល​បើកបរ​ដោយ​យុវជន​ពីរ​នាក់​មិនស្គាល់អត្តសញ្ញាណ ក្នុង​ទិសដៅ​ស្របទិសគ្នា​ ហើយមើល​មុខ​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏កើតជា​ជម្លោះរហូត​ឈានទៅ​ដល់​ការ​ប្រើ​​អំពើហិង្សា​វាយ​តប់​គ្នា​តែ​ម្ដង​។​

ខណៈនោះ​ក៏មាន​យុវជន​ម្នាក់​ ក្នុង​ចំណោម​ពីរនាក់​ខាងលើ​ បាន​យក​ដែក​ចុងស្រួច​​ចាក់ទៅ​លើបុរស​រងគ្រោះ​​ចំ​ដើម​ទ្រូង​ខាងឆ្វេង​ បណ្តោយឲ្យ​រងរបួស​ឈាម​ហូរ​ស្រោច​ខ្លួន​។ ភ្លាម​ៗ​យុវជន​ដៃ​ដល់​រួម​ទាំង​បក្ខ​ក៏​បាន​នាំ​គ្នា ​ជិះ​ម៉ូតូ​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ ក៏​ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍​ដល់​កន្លែង​កើត​ភ្លាមៗ​តែម្ដង​ ស្រាប់​តែ​មិត្ត​តក្តិ​ម្នាក់​របស់​បុរស​រងគ្រោះ ​បាន​ព្យាយាម​ជិះម៉ូតូ​ដឹក​ជនរងគ្រោះ​គេច​ពី​កន្លែង​កើតហេតុ​ តែត្រូវ​បាន​សមត្ថកិច្ច​ ជិះ​ដេញ​តាមឃាត់បាន​ភ្លាមៗ​ដើម្បី​ធ្វើការ​សួរ​នាំ។

ដោយ​ឡែក​ក្នុង​ករណី​ហិង្សា​ខាងលើ​នោះ​ នៅទាន់​មាន​ការ​បញ្ជាក់​អោយ​ដឹក​ កាន់​តែ​ច្បាស់​ពី​បុរស​រងគ្រោះ​ រួមជាមួយ​មិត្ត​ភក្ដិ​ផ្សេង​ទៀត ​ដែល​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​ទេ។

ក្រោយ​កើតហេតុ​បុរស​រងគ្រោះ ​ត្រូវបាន​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់ម៉ែត​ ដោយ​មិត្ត​ភក្តិ​ដែល​រួម​ដំណើរ​ជាមួយ​ត្រូវ​បាន​សមត្ថកិច្ច​ នាំ​យក​ទៅ​សាកសួរ​នៅ​ឯ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលផ្សារ​ដេប៉ូ​ទី​២​ ហើយឲ្យដាក់​ពាក្យ​បណ្ដឹង​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ងាយ​ស្រួល​ក្នុង​ការ​ស្រាវជ្រាវ​វែកមុខ​ជន​សង្ស័យ​ យក​មក​ផ្តន្ទា​ទោស​ទៅតាម​ផ្លូវ​ច្បាប់​៕​

មតិយោបល់