ព័ត៌មានជាតិ

​គំរាមសម្លាប់​ប្អូនស្រីខ្លួនឯង ចុងក្រោយចូល​ទ្រុង​

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គរបាល​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង​ពោធិ៍សាត់​ ឃាត់ខ្លួន​បុរស​ម្នាក់​ យក​មក​សួរនាំ​ ក្រោយ​ទទួល​បណ្ដឹង​ពី​ប្អូនស្រី​បង្កើត​ នៅ​គ្រា​ដែលជនសង្ស័យ​រូប​នេះ​ បាន​វាយ​ និង​គំរាម​សម្លាប់​នាង។​

​ហេតុការណ៍​ហិង្សាក្នុង​គ្រួសារ​ខាងលើ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ និង​០០​នាទី​ ថ្ងៃ​ទី​១៤​ ខែមិនា​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុងភូមិ​អូរ​ថ្កូវ​ សង្កាត់​រលាប​ ក្រុង​/ខេត្តពោធិ៍សាត់​។​

​យោង​តាម​របាយការណ៍ ​នគរបាល​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងពោធិ៍សាត់​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​បង្កហេតុ ​ដែល​ក្រុម​គ្រួសារ​ទ្រាំ​ពុំ​បាន​ ហើយសម្រេចដាក់ពាក្យបណ្ដឹងនោះ មាន​ឈ្មោះ​ រុន​ រៀម​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​.​សង្កាត់​កើតហេតុ​ខាងលើ​។​

​របាយការណ៍​នគរបាល​បន្ត​ថា ​ជន​បង្ក​(​រុន​រៀម​) ​បាន​វាយ​​ជា​ច្រើនដៃ ​និង​គំរាម​សម្លាប់​ប្អូនស្រី​បង្កើត​ ខណៈ​ជន​បង្ក​ជា​បងប្រុស​ ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ហាម​មិន​ស្ដាប់​នោះ​ ក៏​ក្រុម​គ្រួសារ​ប្តឹង​មក​ សមត្ថ​កិច្ច​នគរបាល​ ឲ្យ​ចាប់ខ្លួន​អនុវត្ត​តាម​ច្បាប់​។​ បច្ចុប្បន្ន​ជនសង្ស័យ​ កំពុង​ឃុំឃាំង​ជា​បណ្តោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​៕​

មតិយោបល់