ព័ត៌មានជាតិ

អាសូរណាស់! បុរសពិការម្នាក់ ដេកស្លាប់ក្រោមដំបូលតង់ គ្មានអ្នកដឹង..

ភ្នំពេញ: បុរសជាជនពិការម្នាក់ដេកស្លាប់ ក្រោមដំបូលតង់ នៅដីឡូត៍ទំនេរមួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ក្បែររោងចក្រជិនណាន ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ សុំ សុជាតិ អាយុ៣៩ឆ្នាំ ចងតង់ស្នាក់នៅកន្លែងខាងលើ មិនដឹងថា ស្រុកកំណើតនៅដល់ណា (ស្លាប់)។

ប្រភពពីស្ត្រីអាជីវករម្នាក់ បានប្រាប់សមត្ថកិច្ចថា រាល់ព្រឹកគាត់តែងតែហុចនេះនោះ ឲ្យជនរងគ្រោះហូប លុះនៅព្រឹកកើតហេតុ គាត់បានយកតែទឹកកកក្រូចឆ្មាមួយកែវ យកទៅឲ្យជនរងគ្រោះហូបដូចសព្វដង ស្រាប់តែពេលទៅដល់ ឃើញគាត់ដេកស្លាប់ ក្នុងម៉ុងបាត់ទៅហើយ មិនដឹងស្លាប់តាំងពីពេលណាទេ ឃើញដូចនេះ គាត់ក៏បានប្រាប់ប្រជាពលរដ្ឋក្បែរខាង និងរាយការណ៍ ប្រាប់អាជ្ញាធរមូលដ្ឋាន មកចុះពិនិត្យតែម្តង។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពស្លាប់ដោយគាំងបេះដូង ទើបប្រគល់សមត្ថកិច្ចមូលដ្ឋាន ចាត់ចែងដឹកយកទៅធ្វើបុណ្យនៅវត្តទឹកថ្លា៕

មតិយោបល់