រតនគិរីៈ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនសិស្សានុសិស្សចំនួន៣៩២នាក់ នៅវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង។
សិស្សានុសិស្សទាំងអស់នេះភាគច្រើនជាជនជាតិដើមភាគតិចដែលមកពីតាមបណ្តាស្រុកនានាទូទាំងខេត្ត ដើម្បីស្វែងរកការសិក្សានៅថ្នាក់មធ្យមសិក្សា។ ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ខិតខំសិក្សារៀនសូត្រ ក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ មានស្មារតីសាមគ្គីភាព ចែករំលែក ទាំងសម្ភារៈ និងចំណេះដឹង ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងអបាយមុខទាំងឡាយ ជាពិសេស សិស្សានុសិស្សដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនាខែសីហាខាងមុខនេះ ធ្វើយ៉ាងណាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបាន និទ្ទេសល្អ នាំកិត្តិយសជូនខេត្ត សាលារៀន និងសម្រាប់ខ្លួនឯង។
ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តបានផ្តល់អំណោយផ្ទាល់ខ្លួនជូនប្អូនៗសិស្សានុសិស្សទឹកសុទ្ធចំនួន៥០កេស មីធំចំនួន៣០កេស ត្រីខ៤កេសធំ អំបិលអ៊ីយ៉ូត១៨៨គីឡូក្រាម ជូនលោកគ្រូ អ្នកគ្រូចំនួន៤៤នាក់ ម្នាក់ៗទទួលបានថវិកា២០.០០០រៀល រួមនិងសមាជិក សមាជិការ សហភាពសហព័ន្ធយុវជនកម្ពុជា បានគៀរគរថវិកាសរុបចំនួន ១.០០០.០០០រៀល សម្រាប់ឧបត្ថមទ្រទ្រង់ដល់ជីវៈភាពការរស់នៅប្រចាំថ្ងៃរបស់សិស្សានុសិស្ស៕
មតិយោបល់