ភ្នំពេញៈ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យបានសហការជាមួយកម្លាំងនគរបាលស្នងការខេត្តព្រះសីហនុ ចុះឆែកឆេរលំនៅដ្ឋានផ្ទះលេខ១៣០ បន្ទប់ជួលលេខF14 មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទទទួលផលចោរកម្ម កាលពីវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃទី២៤កក្កដា ស្ថិតនៅក្រុមទី១ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយមានការអនុញ្ញាតពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានី, លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ, លោកគួច សុភា នាយផ្នែកស្តីទីព្រហ្មទណ្ឌស្នងការរាជធានី, លោក ឯម ការី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យ, លោក លី សុខហ៊ី នាយរងករិយាល័យក្រុងព្រះសីហនុ, លោក ឌឿន ឆា តំណាងម្ចាស់ផ្ទះ លោក មាស ស៊ន តំណាងភូមិ, ដោយធ្វើការឃាត់ខ្លួនជនសង្ស័ម្នាក់ឈ្មោះយ៉ូ រី ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតភូមិដីលើ ឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលខាងលើ។
ក្រោយប្រតិបត្តិការ កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ អត់មានផ្លាកលេខលេខតួ៩៣៧៩៩៩៦ លេខម៉ាស៊ីន៩៣៧៩៩៩៦ និងផ្លាកលេខម៉ូតូចំនួន១ លេខ១D៧៣៩៤ព្រះសីហនុ ស្លាកលេខឡាន៤៩៦៧ខម និងសំភារៈម៉ូតូមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានប្រគល់ឲ្យទៅកម្លាំងនគរបាលក្រុងព្រះសីហនុចាត់ការបន្ត៕
មតិយោបល់