ព័ត៌មានជាតិ

ជើងខ្លាំងជំនាញខាងឆក់ នៅមុខព្រលានយន្តហោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ភ្នំពេញ: ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់មិនបានសម្រេច បណ្តាលឲ្យ ជនរងគ្រោះដួលរងរបួសយ៉ាងដំណំ ត្រូវប្រជាពលរដ្ឋ និងសមត្ថកិច្ចតាមចាប់ខ្លួនបានម្នាក់ រត់គេចខ្លួនបាត់ម្នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខព្រលានយន្តហោះ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើឈ្មោះ មី រ៉ាវុធ ហៅ វុធ ភេទប្រុស អាយុ៣០ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ និងបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ឈ្មោះ អាចារ្យ ភេទប្រុស អាយុប្រ ហែល២៥ឆ្នាំ ។ ចំណែកនារីរងគ្រោះ ឈ្មោះ ស៊ាង ហ៊ី អាយុ២៦ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមនារីរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុនាង បានដើរឆ្លងផ្លូវចូលទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គោលបំណងទៅទទួលបងប្អូនមកពីកូរ៉េ ខណ:ឆ្លងជិតផុតហើយ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមួយគ្រឿងម៉ាកYAMAHA GT ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FW-7394 មកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយជំហៀង ពណ៌លឿង លាយខ្មៅ ដែលស្ពាយបណ្តាលដួលអូស លើដងផ្លូវរងរបួសពកថ្ងាស់ រលាត់ដៃជើងយ៉ាងដំណំ ពេលនោះខ្លួនបានស្ទុះងើបប្រតាយប្រតប់ ដួលម៉ូតូជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ចដេញចាប់បានម្នាក់ រត់គេចបាត់ម្នាក់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់