ព័ត៌មានជាតិ

បុរសស្រវឹងស្រាម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមកឈប់ដេក នៅតាមផ្លូវហើយស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មកឈប់ដេកនៅតាមដងផ្លូវ និងស្រែកឲ្យគេជួយ ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល សង្ស័យថា ត្រូវគេដាក់ថ្នាំសណ្តំតាមពិតស្រវឹងស្រាសោះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងសាលាបឋមសិក្សានាគវ័ន្ត តាមបណ្ដោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតគេឃើញបុរសខាងលើ ដែលមានវ័យប្រហែល២៥ឆ្នាំ បានបើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស គ្មានស្លាកលេខ។ មកឈប់ចតនៅត្រង់ចំណុចកើតហេតុ រួចក៏បានស្រែកថា «ជួយផងមានគេដាក់ថ្នាំខ្ញុំហើយ»។

ភ្លាមៗនោះក៏មានប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ ចេញមកមើល និងបានសួរនាំបុរសខាងលើ។ ខណៈនោះបុរសខាងលើ បានអោយប្រជាពលរដ្ឋ ជួយធ្វើការទាក់ទងតេប្រាប់បងស្រីបង្កើតខ្លួនផង រួចបុរសនោះក៏ទន់ខ្លួនដេកបាត់មាត់បាត់ក នៅលើម៉ូតូកង់បីតែម្តង។

បន្ទាប់មកប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក៏បានធ្វើការជួយសង្គ្រោះបឋម ដោយយកក្រូចឆ្មារច្របាច់ ដាក់មាត់បុរសខាងលើ ព្រោះបុរសនោះបានប្រាប់ថា ខ្លួនត្រូវគេដាក់ថ្នាំ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។

មួយស្ទុះក្រោយមកក៏មានស្ត្រីម្នាក់ ដែលត្រូវជាបងស្រីបង្កើតរបស់បុរសខាងលើ បានចុះមកដល់ចំណុចកើតហេតុ ហើយបុរសខាងលើក៏បានដឹងខ្លួន និយាយជាមួយបងស្រីបង្កើត ដោយស្ថានភាពវង្វេងវង្វាន់ខុសពីធម្មតា។

ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ និងនាំបុរសខាងលើ ទៅសម្រាកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ព្រោះសង្ស័យថា បុរសនោះស្រវឹងស្រា។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន នាំខ្លួនបុរសខាងលើមក សម្រាកនៅប៉ុស្តិ៍ និងធ្វើការសួរនាំរួចមក ទើបដឹងថាបុរសខាងលើ មិនមែនត្រូវថ្នាំសណ្តំគេនោះទេ ការពិតគឺស្រវឹងស្រាប៉ុណ្ណោះ ទើបសមត្ថកិច្ច បានអោយសាច់ញាតិក្រុមគ្រួសារដឹកត្រលប់ទៅផ្ទះវិញបាត់ទៅ៕

មតិយោបល់