ត្បូងឃ្មុំៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជនជាតិថៃ០២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនក្រោយពីមានករណីបំផ្ទុះថ្ម បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ត្រង់ចំណុចការដ្ឋានម៉ាស៊ីនកិនថ្មសម្ភារសំណង់ របស់ក្រុមហ៊ុន ឆៃណារ៉ូតអ៊ែនប្រ៊ីតខុមប្រេសិន(ChinaRoad andBride Citation) ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។
ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ក្រោយទទួលបានព័ត៌មានពីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញនៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យឃាត់ខ្លួនមនុស្សចំនួន០២នាក់ (ជនជាតិថៃ) ជាប្រធានបច្ចេកទេសខួងរណ្ដៅថ្ម និងអ្នកបំផ្ទុះ។
ជនសង្ស័យទី១មានឈ្មោះ ព្រីរ៉ាត់ ម៉ាថាវ៉ុន (PRIRAT MATHAWORN )ជាប្រធានបច្ចេកទេសបំផ្ទុះ និងជនសង្ស័យទី២មានឈ្មោះ កេតសេនី ប៊នម៉ា(KETSENI BUNMA)ជាប្រធានបច្ចេកទេសខួងរណ្ដៅបំផ្ទុះ
បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់តាមនីតិវិធី៕
មតិយោបល់