វិលទៅ វិលមក ការស្វែងរកអត្តសញ្ញាណ និងប្រភពដើមពិតរបស់កូវីដ១៩ កំពុងបន្តក្លាយជាបច្ចុប្បន្នភាពយ៉ាងក្តៅគគុក។ កាលពីខែមករាដើមឆ្នាំ ២០២១ WHO ធ្លាប់បានបញ្ជូនក្រុមអ្នកជំនាញរបស់ខ្លួនទៅកាន់ទីក្រុងវូហាន ប្រទេសចិនដើម្បីស្រាវជ្រាវ និងស្វែងយល់ពីការផ្ទុះកូវីដ១៩។ តែបេសកកម្មកាលណោះនៅមិនទាន់អាចអនុញ្ញាតឲ្យបំភ្លឺជុំវិញរឿងកូវីដ១៩ នេះបាននៅឡើយទេ។ តាំងពីពេលនោះមក WHO បានទទួលគំនាបកាន់តែខ្លាំងឲ្យបើកការស៊ើបអង្កេតថ្មីទៀតឲ្យបានស៊ីជម្រៅជាងមុន។ បើយោងតាមអគ្គនាយកអង្គការសុខភាពពិភពលោក WHO លោកតេដ្រូស ការស៊ើបអង្កេតថ្មីនេះនឹងត្រូវបន្តធ្វើនៅក្នុងទីក្រុងវូហាន ប្រទេសចិន និងត្រូវធ្វើឡើងដោយមានការសិក្សា រួមទាំងការវិភាគនៅក្នុងទ្រង់ទ្រាយធំជាងមុន។

យោងតាមព័ត៌មានដែល AFP ទទួលបាន សម្មតិកម្មនៃការធ្លាយវីរុសកូវីដ១៩ ចេញពីមន្ទីរពិសោធន៍ចិនក្នុងក្រុងវូហានជាសម្មតិកម្មអាទិភាពដែល WHO ចង់ធ្វើការសិក្សា វិភាគឲ្យបានស៊ីជម្រៅ។ ក្រៅពីមនី្ទរពិសោធន៍ WHO ក៏ចង់ផ្តោតលើអាគារស្រាវជ្រាវមួយចំនួនដែលស្ថិតនៅក្បែរមន្ទីរពិសោធន៍ក្នុងក្រុងវូហានដែរ។ នៅក្នុងកិច្ចការនេះ WHO ចង់រៀបចំឲ្យមាននីតិវិធីវិទ្យាសាស្រ្តមួយដើម្បីធ្វើការសិក្សា វិភាគ និងវាយតម្លៃលើសុវត្ថិភាពបុគ្គលិក សុវត្ថិភាពសម្ភារៈពេទ្យ សុវត្ថិភាពសម្ភារៈកុំព្យូទ័រ ប្រភេទវីរុសដែលវិភាគ ឬមួយក៏របៀបគ្រប់គ្រងកាកសំណល់នៅក្នុងមន្ទីរពិសោធន៍ និងនៅតាមអាគារស្រាវជ្រាវផ្សេងទៀត។

បន្ទាប់មក WHO ចង់បន្តធ្វើការសិក្សា វិភាគ និងវាយតម្លៃទៅកាន់ទីកន្លែងផ្សេងទៀត ពិសេសនៅទីផ្សារលក់សត្វមានជីវិតក្នុងក្រុងវូហាន និងផ្សារផ្សេងទៀតដែលស្ថិតក្បែរនោះ។ តែដើម្បីអាចឲ្យការស៊ើបអង្កេតថ្មីនេះមានដំណើរការរលូន លោកតេដ្រូសបានអំពាវនាវឲ្យចិនរួមសហការប្រកបដោយតម្លាភាព។ ចិននៅមិនទាន់ឆ្លើយតបយ៉ាងណាទេ តែក្នុងថ្ងៃសុក្រ ទី១៦ កក្កដា ចិនតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសលោកហ្សាវ លីជាំងបានទាត់ចោលលើការរិះគន់របស់លោកតេដ្រូសដែលនិយាយក្នុងថ្ងៃព្រហស្បតិ៍ ទី១៥ កក្កដាថា ចិនត្រូវតែរួមសហការណ៍ឲ្យបានគ្រាន់បើជាងនេះដើម្បីយល់ពីអ្វីដែលបានកើតឡើង។ លោកតេដ្រូសបានលើកឡើងពីកង្វះនៃការចែកចាយទិន្នន័យដើមរបស់វីរុសពីសំណាក់រដ្ឋអំណាចក្រុងប៉េកាំង៕

មតិយោបល់