ព័ត៌មានជាតិ

ស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខេត្តសៀមរាបដែលគ្មានលិខិតអនុញ្ញាតពេលនេះអាជ្ញាធរចាត់វិធានការហើយ

សៀមរាបៈ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បានបន្តចុះរៀបចំសណ្តាប់ធ្នាប់និងកាត់ការតម្លើងស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខេត្តសៀមរាប ដែលគ្មានលិខិតអនុញ្ញាត ក្រោមការដឹកនាំបញ្ជាផ្ទាល់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប និងលោកលោកស្រីប្រធានអនុប្រធានទីចាត់ការចំណុះសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញផងដែរ។

នៅក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់ស្លាកយីហោ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខេត្តសៀមរាប ដែលគ្មានលិខិតអនុញ្ញាត លោក ប្រធានក្រុមការងារក៏បានណែនាំដល់បងប្អូនបានលើកស្លាកយីហោ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឲ្យអនុវត្ត តាមគោលការណែនាំរបស់រដ្ឋបាលខេត្តជាអាទិ៍ ៖
១-ត្រូវសរសេរអក្សរខ្មែរឲ្យធំជាងអក្សរបរទេសហើយអក្សរខ្មែរដាក់នៅជួរខាងលើ។
២-អក្សរបរទេសត្រូវសរសេរនៅជួរខាងក្រោមនិងមានទំហំ១/២មួយភាគពីរនៃទំហំអក្សរខ្មែរ។
៣-សរសេរអក្សរខ្មែរត្រូវអនុវត្តតាមវចនានុក្រមសម្តេចព្រះមហាសុមេធាធិបតីជោតញ្ញណោជួន ណាត។
៤-ចំពោះការដាក់តាំងស្លាកយីហោ ឬតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលមានទំហំក្រោម៤(បួន) ម៉ែត្រក្រឡាត្រូវបំពេញបែបបទស្នើសុំលិខិតអនុញ្ញតពីរដ្ឋបាលក្រុង ស្រុក ហើយទំហំចាប់ពី៤(បួន)ម៉ែត្រក្រឡាឡើងទៅត្រូវបំពេញបែបបទស្នើសុំលិខិតអនុញ្ញតពីរដ្ឋបាលខេត្តសៀមរាប។
៥-ម្ចាស់ទីតាំងអាជីវកម្មត្រូវដាក់តាំងឬតម្លើងឲ្យមានលក្ខណៈបច្ចេកទេស ហើយតាមដាននិងត្រួតពិនិត្យនូវស្លាកយីហោ ឬផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាព សោភ័ណភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ។
៦-រដ្ឋបាលក្រុង ស្រុកត្រូវតាមដាន និងត្រួតពិនិត្យណែនាំរាល់ការដាក់តាំងឬតម្លើង ស្លាកយីហោ និង ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដូចមានខ្លឹមសារចែងខាងលើ។

គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារបានចាប់ផ្តើមពីចំណុចចុងស្ពានថ្មខាងកើតព្រះរាជ ដំណាក់រហូតដល់ព្រំប្រទល់ស្រុកប្រាសាទបាគង(ផ្លូវជាតិលេខ៦) អមសងខាងផ្លូវក្រុមការងារខេត្ត កាត់បានស្លាកយីហោ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មក្នុងខេត្តសៀមរាប ដែលគ្មានលិខិតអនុញ្ញាត ខុសលក្ខណៈបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត ដែលមានទំហំក្រោម ៤ម៉ែត្រក្រឡាបានចំនួន ១០២ទីតាំង និងទំហំ ០៤ម៉ែត្រក្រឡាចំនួន ៤០តាំង ហើយផែនការអនុវត្តបន្តពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៩ បន្តពីស្រុកប្រាសាទបាគង ទៅដល់ព្រំប្រទល់ស្រុកស្ទោង នៃខេត្តកំពង់ធំ៕

មតិយោបល់