ព័ត៌មានជាតិ

ឆក់កាបូបបានសម្រេច គេចខ្លួនមិនរួច សមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី២ និងទឹកល្អក់ទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល១១និង៤៥នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៤៦ ក្រុមទី៣២ ភូមិ១១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នូ ម៉ារ៉ាឌី ហៅ ខ្មៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់ នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ ប្រហែលជាង ២០ឆ្នាំ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវ ចាស់ (បានជិះម៉ូតូទៅបាត់ ពុំបានដាក់ពាក្យបណ្តឹងទេ)។

ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច) ស៊េរី2012 ពាក់ស្លាកលេខភ្នំពេញ 2551 (ជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាព )។

នៅមុនពេលកើតហេតុនារីរងគ្រោះជិះម៉ូតូដោយដាក់កាបូបស្ពាយនៅលើរានម៉ូតូ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦៥ ពីត្បូងទៅជើង ពេលនោះជនសង្ស័យបានជិះម៉ូតូតាមពីក្រោយរហូតដល់ចំណុចកើតហេតុ បានធ្វើសកម្មភាពឆក់កាបូបបានសម្រច ហើយព្យាយាមជិះម៉ូតូគេចខ្លួន ជនរងគ្រោះជិះម៉ូតូតាមពីក្រោយ ហើយស្រែកចោរៗ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនរហូតដល់ចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ជនសង្ស័យបានជិះម៉ូតូបុករថយន្តអ្នកដំណើរតាមផ្លូវ ពេលនោះជន រងគ្រោះបានយកកាបូបបានទៅវិញ ហើយជិះម៉ូតូទៅបាត់ ពុំបានដាក់ពាក្យបណ្តឹងទេ ដោយឡែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

photo_2016-08-12_09-46-20

photo_2016-08-12_09-46-21

មតិយោបល់