ព័ត៌មានជាតិ

រថយន្តទំនើប Rush ពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់២កង់

ភ្នំពេញ: រថយន្តទំនើបម៉ាក TOYOTA Rush មួយគ្រឿង បើកដោយស្ត្រីម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បានពន្លះក្បាលនាគចែកទ្រូងផ្លូវបាក់អស់១កង់ និងវៀច១ កង់ កាលវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ នៅមុខព្រលាន្តហោះពោធិ៍ជិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ រួមនឹងនារីម្នាក់ទៀត សង្ស័យជាម្ដាយនិងកូន បានបើករថយន្តបង្កម៉ាក TOYOTA Rush ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AX-0345 ធ្វើដំណើរពីលិចទៅកើតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿន មិនប្រយ័ត្នក៏បុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់១កង់ និងវៀច១កង់ ឯរថយន្តបង្កបានខ្ទាតពីទ្រូងផ្លូវប្រហែល២០ម៉ែត្រ បានដាច់កាង និងឡែកង់មុខទៅមុខលេងរួច សំណាងដែរទីតាំងខាងលើជាទីប្រជុំជន ដែលមានអ្នកធ្វើដំណើរច្រើន តែមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុង ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី៕

មតិយោបល់