ភ្នំពេញៈ បុរសពីរបានរងរបួសបែកក្បាល បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង រួចក៏ទាស់សម្ដីគ្នា ក៏កើតជាហិង្សាវាយគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកអន្តរាគមន៍កាលពីវេលាម៉ោង១និង២០នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ លីម ឡុង តាមបណ្តោយផ្លូវសម្តេច ជាស៊ីម កែងនិងផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីលែត ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង1M-9718 និងមានបក្ខពួកបីអ្នកផ្សេងទៀត ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក ដោយពួកគរទើបតែចេញមកពីកម្មវិធីខួបកំណើតមិត្តភក្ដិ នៅម្តុំវត្តសំរោងអណ្ដែត បំណងជិះត្រលប់ទៅផ្ទះវិញ នៅក្បែរកន្លែងកើតហេតុ ដោយធ្វើដំណើរពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ២០១១។ បន្ទាប់មកម៉ូតូខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវសម្តេច ជាស៊ីម ខណៈនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GH-8518 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងដូចគ្នា តាមបណ្ដោយផ្លូវសម្តេចជាស៊ីម ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងបម្រុងឆ្ពោះទៅផ្លូវ២០១១ មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូលែត ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យម៉ូតូលែតរងការខូចខាតបន្តិចបន្តួចរីឯអ្នកបើកបររងរបួសស្រាល ចំណែកឯម៉ូតូឌ្រីមរងការខូចខាតវៀចបូមខាងមុខ។
ប្រភពដដែលបានបន្តថា ភាគីទាំងពីរបានជជែកវែកញែករកខុសរកត្រូវរៀងៗខ្លួនយ៉ាងតឹងសរសៃកដាក់គ្នាទៅវិញទៅមករហូតកើតមានជម្លោះឈានដល់ប្រើហិង្សាដាក់គ្នា។
ក្រោយពេលកើតហេតុភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនយកទៅសាកសួរនាំ នៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នាទៅផ្លូវច្បាប់ពេលក្រោយ៕
មតិយោបល់