ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ Filmart នៅក្នុងទីក្រុងហុងកុង នឹងបញ្ចប់នៅថ្ងៃទី២០ មីនា ប៉ុន្តែនៅពេលព្រឹត្តិការណ៍មួយនេះ មិនទាន់នឹងចប់ស្រួលបួលផង តំណាងប្រទេសកម្ពុជា គឺអ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត បានបង្ហាញអោយឃើញ ពីផ្លែផ្កាវិជ្ជមាន។ អ្នកស្រីត្រូវគេឃើញ ជួបជជែកពិភាក្សា ជាមួយផលិតករបរទេស ដោយក្នុងចំណោមផលិតករដែលអ្នកស្រីជួបនោះ គឺមានផលិតករយ៉ាងហោចមួយក្រុម មានគម្រោងចង់ផលិតភាពយន្តនៅកម្ពុជា។
អ្មកស្រី សរ កេសរា និយាយថា តាំងពីមកដល់ទីក្រុងហុងកុង នៅក្នុងព្រឹត្តិការណ៍ Filmart អ្នកស្រីបានជួបជជែកពិភាក្សា ជាមួយក្រុមផលិតករមិនតិចនាក់នោះទេ ដោយក្នុងចំណោមនោះ អ្នកស្រីថា ផលិតករមកពីហ្វីលីពីន អាមេរិក និងមួយក្រុមមកពីបារាំង បានបង្ហាញចំណាប់អារម្មណ៍ ចង់ចុះមកផលិតភាពយន្តនៅកម្ពុជា។ យ៉ាងណាមិញផលិតករហ្វីលីពីន ហាក់បង្ហាញតម្រុយច្បាស់លាស់ជាងគេ ខណៈដែលអ្នកស្រីបញ្ជាក់ថា ក្នុងពេលដ៏ខ្លីប្រទេសកម្ពុជា នឹងមានផលិតករបរទេស មិនតិចនោះទេ នឹងចាប់អារម្មណ៍ផលិតភាពយន្ត ជាមួយនឹងផលិតករកម្ពុជា។
អ្នកស្រីថា ក្រុមផលិតករហ្វីលីពីន បានស្នើអោយអ្នកស្រីរៀបចំពេលវេលា ដើម្បីអោយក្រុមការងារផលិតរបស់ហ្វីលីពីន ចុះមកប្រឹក្សារឿងចាប់ដៃថតរឿងនៅកម្ពុជា និងជ្រើសរើសតួ។ យ៉ាងណាមិញអ្នកស្រីថា ការផលិតរឿងផ្លូវការ បើទោះជាត្រូវរ៉ូវគ្នា ក៏លុះត្រាតែរហូតដល់ឆ្នាំ២០២០ ទើបចេញរូបរាង ដោយសារតែការពិភាក្សា និងការរៀបចំក៏ត្រូវការពេលវេលា ដើម្បីចាត់ចែង។ អ្នកស្រីថា ផលិតករមួយក្រុមផ្សេងទៀត មកពីពីអាមេរិក កាណាដា និងហូលីវូដ ក៏បានបើកឱកាសចង់អោយអ្នកស្រី ចាប់ដៃផលិតភាពយន្ត នៅក្នុងប្រទេសកម្ពុជាជាមួយនោះដែរ ទើបអ្នកស្រីពង្រឹងការបង្ហាត់បង្រៀនសិស្សខាងជំនាញសិល្បៈ ដោយបានទាំងប្រមូលផ្ដុំអ្នកសិល្បៈ ដែលមានជំនាញសម្ដែង ច្រៀង ដើរម៉ូដ និងក្បាច់គុន ដើម្បីផលិតធនធនតារាខ្មែរ អោយមានសមត្ថភាព ងាយស្រួលផលិតករបរទេសចុះមក គឺមើលឃើញពីធនធានរបស់អ្នកសិល្បៈខ្មែរ។
អ្នកស្រី សរ កេសរា បន្តថា ក្រោយបញ្ចប់បេសកកម្មមកចូលរួម និងជួបពិភាក្សាជាមួយផលិតករមួយចំនួន អ្នកស្រី នឹងចាកចេញទៅប្រទេសអាមេរិក និងទ្វីបអឺរ៉ុប ក្នុងពេលខាងមុខទៀត ដោយសារតែក្រុមផលិតភាពយន្ត នៅក្នុងប្រទេសទាំងនោះ ត្រូវការអោយអ្នកស្រី ឡើងទៅជជែកការងារ ដើម្បីរកផ្លូវផលិតភាពយន្តរួមគ្នាប្រសិនបើអាច៕
មតិយោបល់