ព្រៃវែងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារអ្នកលឿង ស្ថិតនៅ ភូមិ ០២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋម ទៅលើផលិតផលទំនិញចំនួន ១៣ មុខ ស្មើនឹង ១៨ គំរូ មានដូចជា៖ គុយទាវ បាញ់កាញ់ បាញ់ស្រ៊ុន ត្រីងៀត ត្រីប្រាសំយ៉ុង មឹកស្រស់ បង្គាស្រស់ ក្រូច ជ្រក់ទំពាំង ជ្រក់មមាញ ជ្រក់ស្ពៃ និងសណ្តែកបណ្តុះ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ រកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផល ម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ សរសៃគុយទាវ ទម្ងន់ ២.៤ គីឡូក្រាម មានវត្តមានសារធាតុគីមីហាមឃាត់ប៉ូរាក់ និងបានរកឃើញ ទឹកក្រូចដបធំ ចំនួន ២ ដប ស្មើ ០៣ គីឡូក្រាម ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៥.៤ គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលមានដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់ និងទំនិញកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។
ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕
មតិយោបល់