ព័ត៌មានជាតិ

បុរសម្នាក់កំពុងបើកបររថយន្តវិលមុខ រេចង្កូតបុករះម៉ូតូនិងរ៉ឺម៉កដឹកផ្លែឈើ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១១ និង២០ នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីបុរសម្នាក់ ខណ:កំពុងបើកបររថយន្ត មួយគ្រឿងម៉ាក ធន់ត្រា ពាក់ស្លាកលេខភ្នំពេញ 2BF-0067 ស្រាប់តែមានអាការវិលមុខ រេចង្កូតបុករះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IL-2979 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបុករ៉ឺម៉កម៉ូតូដឹកផ្លែឈើ រងការខូចខាត បង្កការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែកើតហេតុ ស្ថិតបណ្តោយផ្លូវម្តុំទ្រង់មាន់ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើរនៃរឿងហេតុខាងលើ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុមួយគ្រឿង ខណ:កំពុងតែបើកបរសុខៗ ស្រាប់តែរថយន្តនោះបានរេចង្កូតបុករះម៉ូតូមួយគ្រឿង បើកបរដោយបុរសដឹកទំនិញអនឡាញម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ និងបុករ៉ឺម៉កម៉ូតូដឹកផ្លែឈើ បណ្តាលឲ្យរងការខូចខាត ។

ភ្លាមៗនោះ ជនរងគ្រោះខាងលើ ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ផងដែរ ហើយម្ចាស់រថយន្តបង្កហេតុក៏បានជិះទៅជា មួយដើម្បីតាមដានស្ថានភាពជំងឺជនរងគ្រោះ ។ ចំណែករ៉ឺម៉កម៉ូតូនោះវិញ តាមការអះអាងពីម្ចាស់ បាននិយាយឲ្យដឹងថា ផ្លែឈើរបស់ គាត់រងការខូចខាតបើគិតជាទឹកប្រាក់ទិញផ្លែឈើនោះអស់៣លានរៀល ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ដើម្បីវាស់វែងនិងធ្វើកំណត់ហេតុ ។ បន្ទាប់មកបានយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា នៅពេលក្រោយទៅតាម នីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់