ព័ត៌មានជាតិ

ខឹងប្តីក្មេងមានស្រីថ្មី ប្ដឹងប៉ូលិសឲ្យជួយទប់ទល់..

ភ្នំពេញៈ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ (ប្ដី) បន្ទាប់ពីស្ត្រីចំណាស់ម្នាក់ បានបាត់ម៉ូតូ ហើយរត់ទៅប្តឹងនគរបាល​ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាកើតហេតុ ស្រ្តីវ័យចំណាស់ម្នាក់ (ត្រូវជាប្រពន្ធជនសង្ស័យ) បានរាយការណ៍តាមប្រព័ន្ធវិទ្យុ ក្នុងស្រុក ស្នើសុំឲ្យកម្លាំងប៉ូលិស ក្នុងរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ឃាត់ចាប់ម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ 1Hk-4937 ជិះសំដៅចូលរាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រទះជួប ឃើញម៉ូតូខាងលើ ជិះដោយប្រុសក្មេងម្នាក់ ធ្វើដំណើរ ឆ្លងកាត់ផ្លូវចូលទឹកដី ភូមិសាស្រ្តខណ្ឌដង្កោ ស្រែកតាមប្រព័ន្ធវិទ្យុទាក់ទង ទូទាំងក្រុងភ្នំពេញ ខេត្តកណ្តាល ជាប់ព្រំប្រទល់គ្នា ចាំឃ្លាំមើល ដោយម៉ូតូមានភ្ជាប់GPSផង បើកដល់ផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ដង្កោ កម្លាំងនគរបាលខណ្ឌដង្កោ ក៏បង្ក្រាបចាប់ឃាត់បានទាំង ម៉ូតូ ទាំងមនុស្ស។ លុះដើមបណ្តឹងមកដល់ប៉ុស្ដិ៍នគរបាល ទើបដឹងថា ជារឿងស្នេហាត្រីកោណទៅវិញ ។

តាមការរៀបរាប់ពីស្រ្តីវ័យចំណាស់ ជាប្រពន្ធ បានឲ្យថា ក្រោយពីប្តីចាស់ស្លាប់ទៅ គាត់បានយកប្តីក្មេងជិតមួយឆ្នាំហើយ ដោយប្ដីគាត់មិនមានធ្វើអ្វីទេ ដឹងតែចាយលុយប៉ុណ្ណោះ ហើយពេលថ្មីនេះ គាត់បានដឹងថា ប្ដីគាត់លួចមានស្រីថ្មីទៀត ព្រោះទែខឹងម៉ូតូទើបទិញឲ្យជិះថ្មីសន្លាង បែរជាយកទៅឌុបស្រីក្មេង ទុកគាត់នៅផ្ទះចោល ខឹងពេក ទើបគាត់ប្តឹងប៉ូលិសឲ្យជួយចាប់​ឃាត់តែម្តង។

ករណីនេះ បុរសខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់សិន យកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់