ព័ត៌មានជាតិ

មន្ត្រីសាខា ក.ប.ប. រកឃើញម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) ចំនួន ១៤៥ កំប៉ុង និងណែរនាំឲ្យម្ចាស់ដែលតាំងលក់ បញ្ឈប់ការចរាចរណ៍បណ្តោះអាសន្ន

កំពង់ស្ពឺៈ យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញ និងម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារម៉ាកនូទ្រីលែត (Nutrilatt) តាមបណ្តាផ្សារ ម៉ាត និងផ្ទះលក់ទំនិញមួយចំនួន ស្ថិតក្នុងស្រុកបសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យលើទំនិញសម្រាប់ប្រគេនព្រះសង្ឃ (សាដក) រកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។

ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) សរុបចំនួន ១៤៥ កំប៉ុង និងបានណែនាំឱ្យម្ចាស់តូប និងផ្ទះលក់ទំនិញខាងលើដែលមានដាក់តាំងលក់នូវម្សៅទឹកដោះគោម៉ាកនូទ្រីលែត (Nutrilatt) បញ្ឈប់ការចរាចរបណ្តោះអាសន្ន។ ក្នុងឱកាសនេះដែរ មន្ត្រីជំនាញ ក.ប.ប. ខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់បញ្ជាក់បង្ហាញជូនដល់ក្រុមអាជីវករ ទាំងអស់ឱ្យបានយល់ច្បាស់អំពី ច្បាប់បទបញ្ញាតិពាក់ពន្ធ័ដើម្បីចូលរួមលើកកម្ពស់សុខមាល ភាពជូនដល់ប្រជាពលរដ្ឋ៕

 

មតិយោបល់