ព័ត៌មានជាតិ

ហុងដា C125 សាកកម្លាំងជាមួយរថយន្តធុនធំ របួសធ្ងន់ម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង ២០ និង៤០នាទីយប់ ត្រង់ចំណុចផ្លូវ៥០ម៉ែត្រ ភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងកើតហេតុ។

ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1D-4713 បើកបរដោយឈ្មោះ ប៉ារ ជំនោរ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង បើកបរពីលិចទៅកើតបត់ឆ្វេងឆ្លងផ្លូវ ចំណែកម៉ូតូធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកចំពីចំហៀងខាងស្តាំនៃរថយន្ត បណ្តាលឲ្យម៉ូតូបោកដួលតែម្តង។

ក្រោយកើតហេតុ វត្ថុតាង ត្រូវបានយកទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំការដោះស្រាយពេលក្រោយ ចំណែកឯ ជនរងគ្រោះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរៃ៕

មតិយោបល់