ភ្នំពេញៈ នៅថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ ប៊ូ រតនា (ហៅប៊ូ ស្វា) ភេទប្រុស អាយុ ២៥ឆ្នាំ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីរូបគេបានប្រើល្បិចបោកយកម៉ូតូ ០២គ្រឿងម៉ាក Beat ពណ៌ខៀវ+ស ពាក់ស្លាកលេខ កណ្តាល1AA-0305 (ប្រគល់ជូនម្ចាស់ដើមវិញ) ជាម៉ូតូរបស់បងប្អូនជីដូនមួយ ជនសង្ស័យខាងលើ និងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FU-1871 ជារបស់ជនរងគ្រោះឈ្មោះ មាស ថុនា ដែលទើបស្គាល់គ្នាយកទៅបញ្ចាំ កាលពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៩ ហើយជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ។
លុះរហូតមកដល់វេលាម៉ោង ១១ និង១០នាទីយប់ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ នៅចំណុចក្លឹបម៉ារីន ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌឬស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនបានតែម្តង។
តាមចម្លើយសារភាព ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានប្រាប់ឲ្យដឹងថា ខ្លួន និងជនរងគ្រោះ ទើបតែស្គាល់គ្នា បានប៉ុន្មានម៉ោងប៉ុណ្ណោះ តាមរយៈឈ្មោះ និត នៅផ្ទះសំណាក់មួយកន្លែង ផ្លូវ២០០៤ បន្ទាប់មកក៏បានបួលគ្នា ទៅដើរលេងផឹកស៊ីនៅក្នុងក្លឹបជិតស្ពានជ្រោយចង្វារ ដោយជិះម៉ូតូ ០២គ្រឿង ម៉ាកស្កូបពី ពណ៌ក្រហម របស់ឈ្មោះ សម្បត្តិ និងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ របស់ជនរងគ្រោះ លុះពេលផឹកស៊ីដល់ម៉ោង១២យប់ ខ្លួនបានខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថា ទៅយកសង្សារនៅម្តុំទួលគោក មួយសន្ទុះក្រោយមកស្រាប់តែឈ្មោះ សម្បត្តិ បានជិះម៉ូតូមកតាមខ្លួនដែរ ហើយបានយកម៉ូតូរបស់ជនរងគ្រោះពីខ្លួន ដោយប្រាប់ថាទៅយកសង្សារវាដែរ ហើយខ្លួនក៏បានទាក់ទងតាមទូរស័ព្ទទៅឈ្មោះ សម្បត្តិ ដែរតែមិនអាចទាក់ទងបាន។
ប្រភពដដែល បានប្រាប់បន្ថែមទៀតថា ក្នុងសាវតាជាតិរបស់គេ គឺធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល០៣ឆ្នាំ កាលអំឡុងឆ្នាំ២០១២ ពីបទលួច មានស្ថានទម្ងន់ទោស(ប្លន់) និងប្រើប្រាស់សារធាតុញៀន រយៈពេល ០៧ឆ្នាំ គិតដល់បច្ចុប្បន្ន៕
មតិយោបល់