ព័ត៌មានជាតិ

ជំពាក់លុយមេកន្ទុយលេខ១ម៉ឺនដុល្លារ ប្ដឹងឲ្យរឹបអូសយកហាយឡេនឌ័រ

កណ្តាលៈ អាជ្ញាធរសាលាដំបូងខេត្តកណ្តាល បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅចុះទៅរឹបអូសរថយន្តមួយគ្រឿង របស់កូនបំណុលដែលចាក់កន្ទុយលេខ មិនព្រមសងប្រាក់ទៅឱ្យមេ តាមអំណាចដីការបស់ចៅក្រមសាលាដំបូងខេត្តកណ្តាលលោក សាយ សម្ផស្សសេរី យកទៅរក្សាទុកបណ្តោះអាសន្ននៅតុលាការខេត្តកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦នេះ។

ក្នុងប្រតិបត្តិការអនុវត្តដីការនោះ សមត្ថកិច្ចបានហៅជាងផ្សាដែកមកកាត់ផ្តាច់សោទ្វារ ដើម្បីរថយន្តស្ទូចចេញ ដោយសារមានការជំទាស់ពីសំណាក់ចុងបណ្តឹងយ៉ាងខ្លាំងក្លាផងជាមួយសមត្ថកិច្ចពេលចុះទៅអនុវត្តដីកា។

ពាក់ព័ន្ធនឹងការចុះមករឹបអូសរថយន្តខាងលើនេះ អ្នកស្រី ឈួន គឹមសាក់ ដែលជាកូនបំណុលបានអះអាងថា រឿងរ៉ាវដែលឈានរហូតដល់តុលាការសម្រេចរឹបអូសរថយន្តរបស់គាត់ គឺផ្ដើមចេញពីការជំពាក់ប្រាក់ចាក់កន្ទុយលេខចំនួន១ម៉ឺនដុល្លារ ហើយអ្នកដែលជំពាក់ទាំងអស់មានគ្នា៣នាក់ ទី១.រូបគាត់ ទី២.ឈ្មោះ ពត បញ្ញា និងទី៣.ឈ្មោះ ហោ ចន្ធី ដែលជាកូនកញ្ច្រែងប្រមូលកត់កន្ទុយលេខឲ្យមេឆ្នោតឈ្មោះ ភុំ ទុំ ជាមេឆ្នោតដ៏ធំមួយនៅក្នុងផ្សារតាខ្មៅ។

ក្រោយមកពូកគាត់ទាំង៣នាក់បានសងចំនួន៥០០០ដុល្លារហើយ នៅសល់តែ៥០០០ដុល្លារប៉ុណ្ណោះ ក្នុងនោះឈ្មោះ ហោ ចន្ថី បានសង២៥០០ដុល្លារ និងរូបគាត់២៥០០ដុល្លារ ហើយឈ្មោះ ភុំ ទុំ ក៏ធ្លាប់បានយល់ព្រមទទួលឱ្យគាត់បង់រំលោះឱ្យក្នុងមួយខែ២០ម៉ឺនរៀលដែរ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែគាត់ដាក់ពាក្យប្តឹងទៅតុលាការឲ្យរឹបអូសរថយន្តរបស់គាត់ទាំងកម្រោល។ អ្នកស្រីក៏សូមអំពាវនាវទៅដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍លើភាពអយុត្តិធម៌នេះ ដើម្បីផ្តល់នូវយុត្តិធម៌ជូនដល់រូបគាត់ផង។

ទាក់ទិននឹងការចោទប្រកាន់នេះ អ្នកស្រី ភុំ ទុំ ដែលជាម្ចាស់បំណុល បានប្រាប់ឲ្យដឹងថាការលើកឡើងរបស់កូនបំណុល គឺមិនពិតនោះទេ តាមពិតឈ្មោះ ឈួន គឹមសាក់ និងបក្ខពួក២នាក់ទៀតមានឈ្មោះ ហោ ចន្ធី និងឈ្មោះ ពត បញ្ញា បានខ្ចីប្រាក់របស់គាត់ចំនួន១ម៉ឺនដុល្លារ ដោយសន្យាថា បង់ក្នុងឲ្យវិញក្នុងមួយថ្ងៃ១លានរៀល បង់រយៈពេល៥១ថ្ងៃ ហើយកាលពីថ្ងៃទី០៤ កញ្ញា ២០១៥ ដោយបានយកប្លង់ផ្ទះរបស់ឈ្មោះ ពត បញ្ញា មកដាក់បញ្ចាំ ដោយមានលិខិតដឹងឮពីលោកចៅសង្កាត់ថែមទៀតផង ពុំមែនជារឿងចាក់កន្ទុយលេខដូចការលើកឡើងនោះទេ។

ចំណែកឯលោក ឡុង សារ៉ាត់ មន្ត្រីអាជ្ញាសាលាខេត្តកណ្តាល ដែលចុះមកអនុវត្តដីការឹបអូសរថយន្តមួយគ្រឿងជាបណ្តោះអាសន្ននេះ បានបដិសេធន៍មិនធ្វើការបកស្រាយនោះទេ ដោយប្រាប់ថា “លោកចុះមកនេះ គឺមកអនុវត្តដីការបស់ចៅក្រមតែប៉ុណ្ណោះ រឿងអ្វីផ្សេងទៀត គឺលោកមិនដឹងនោះទេ”

យោងតាមដីកាសម្រេចការពារបណ្តោះអាសន្នរបស់ លោកសាយ សម្ផស្សសេរី ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ឧសភា ២០១៦ បានសម្រេចថា ទី១.រឹបអូសរថយន្តមាកហាយឡេនឌ័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AE-7741 មួយគ្រឿង ជាកម្មសិទ្ធិរបស់កូនបំណុលជាបណ្តោះអាសន្ន ដើម្បីធានាសិទ្ធិលើបំណុល ទី២.ទឹកប្រាក់រំដោះ ដើម្បីទទួលបាននូវការលុបចោលដីការក្សាការពារនេះចំនួន១ម៉ឺនដុល្លារអាមេរិក ទី៣.ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ម្ចាស់បំណុល និងទី៤.ដីកានេះមានអនុភាពអនុវត្តភា្លមៗ ទោះជាមានបណ្តឹងតវ៉ាក៏ដោយ និងបើកផ្លូវតវ៉ាតាមកំណត់ច្បាប់៕

photo_2016-10-07_14-48-08photo_2016-10-07_14-46-58photo_2016-10-07_14-47-01photo_2016-10-07_14-47-04photo_2016-10-07_14-47-06photo_2016-10-07_14-47-08photo_2016-10-07_14-47-10photo_2016-10-07_14-47-12photo_2016-10-07_14-47-14photo_2016-10-07_14-47-17photo_2016-10-07_14-47-22photo_2016-10-07_14-47-24photo_2016-10-07_14-47-25photo_2016-10-07_14-47-28photo_2016-10-07_14-47-32photo_2016-10-07_14-47-34photo_2016-10-07_14-47-37photo_2016-10-07_14-47-42photo_2016-10-07_14-47-44photo_2016-10-07_14-47-48photo_2016-10-07_14-47-52photo_2016-10-07_14-47-55photo_2016-10-07_14-47-56photo_2016-10-07_14-47-58photo_2016-10-07_14-48-00photo_2016-10-07_14-48-04

មតិយោបល់