ព័ត៌មានជាតិ

រថយន្តមាន Logo សាលាក្រុងភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនបុកបុរសម្នាក់ស្លាប់ នៅខេត្តកំពត

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់កាលពីវេលាម៉ោង ០១ និង១៥នាទីរសៀល ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិទ្វាថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

រថយន្ដបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3C-3677 ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួន។
ជនរងគ្រោះជិះម៉ូតូ សណ្ដោងរ៉ឺម៉ក ម៉ាក សាន់យ៉ាន់១៥០ ពណ៌ស គ្មានស្លាកលេខបើកបរដោយឈ្មោះ សួន អ៊ិត ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិអន្លង់គគី ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរជាមួយឈ្មោះ រត្ន័ ចន្វី ភេទស្រី អាយុ ៤៨ឆ្នាំ (គ្មានរបួស)។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកអធិការដ្ឋាន ដើម្បីរងចាំការដោះស្រាយពេលក្រោយ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់