កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបបន្ថែម ដើម្បីតាមដានសកម្មភាពអាមេរិក និងសម្ព័ន្ធមិត្ត

(សេអ៊ូល)៖ កូរ៉េខាងជើង នឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើន នៅប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីទទួលបានព័ត៌មានលម្អិតជាក់ស្តែងភ្លាមៗ អំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមលោក គីម ជុងអ៊ុន ដែលត្រូវបានដកស្រង់សម្ដីដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA

បើតាម KCNA នៅពេលចុះត្រួតពិនិត្យ រដ្ឋបាលអភិវឌ្ឍន៍លំហរអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម បានសង្កត់ធ្ងន់ថាផ្កាយរណបឈ្លបយកការណ៍ យោធាយ៉ាងច្រើន នឹងត្រូវដាក់ពង្រាយនៅក្នុងទីអវកាស កំលុងផែនការរយៈពេល៥ឆ្នាំ ដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២១។

លោក គីម បានបន្ថែមថា គោលបំណងនៃការអភិវឌ្ឍន៍ និងប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៍យោធានេះ គឺដើម្បីផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង ទទួលបានព័ត៌មានទាន់ពេលជាក់ស្តែង ពីសកម្មភាពយោធាប្រឆាំងលើខ្លួន ដែលបង្កឡើងដោយអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក នៅកូរ៉េខាងត្បូង ជប៉ុន និងតំបន់ប៉ាស៊ីហ្វិក។

កូរ៉េខាងជើងបានអះអាងថា ខ្លួនបានធ្វើតេស្តប្រព័ន្ធសម្រាប់អភិវឌ្ឍផ្កាយរណបស៉ើបការណ៍ដ៏សំខាន់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី០៥ ខែមីនា ខណៈការធ្វើតេស្តទាំងនោះ ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ជឿជាក់ថា មានការប្រើប្រាស់បច្ចេកវិទ្យាមីស៉ីលផ្លោងបាលីស្ទិគ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *