ព្រះសីហនុៈ កាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ ០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងរបួសមនុស្សចំនួន០៧នាក់ ស្ថិតត្រង់ចំណុចផ្លូវកោង ចន្លោះគីឡូម៉ែត្រលេខ ២១២-២១៣ នៅខាងលិចតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះទាំង ០៧នាក់មានឈ្មោះ៖
១. ឆក យូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកម្មករ ជាអ្នកបើកបររថយន្ត មានទីលំនៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
២. វឿន សុជា ភេទប្រុស អាយុ ២៣ឆ្នាំ
៣. ហង្ស ផុយ ភេទប្រុស អាយុ ២២ឆ្នាំ
៤. ឈ្មោះ វឿន សំអិន ភេទប្រុស អាយុ ២៧ឆ្នាំ
៥. ឈ្មោះ គុយ ឌី ភេទប្រុស អាយុ ៣១ឆ្នាំ
៦. ឈ្មោះ សុំ កុសល ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអ្នករួមដំណើររថយន្ត និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណរងរបួសមធ្យម។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កដោយរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីខេត្តព្រះសីហនុ ទៅវាលរេញ បើកបរដោយឈ្មោះ ឆក យូ លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ក៏បុកបញ្ច្រាសទិសគ្នា ជាមួយរថយន្តដឹកឥដ្ឋ ១គ្រឿងទៀត ម៉ាក HINO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0350 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ។
ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ហៅឡានសាមុយដឹក បញ្ជូនទៅព្យាបាល នៅគ្លីនិចមិត្តភាពឃ្លាំងលើ រីឯរថយន្តបង្កទាំង ២គ្រឿង សមត្ថកិច្ចជំនាញកំពុងស្ទូចចេញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕
មតិយោបល់