ព័ត៌មានជាតិ

ចោរលួចឆ្លងស្រុក ត្រូវសមត្ថកិច្ចដេញចាប់យ៉ាងប្រផាប់ប្រភីង ទើបក្របួចជាប់

​បន្ទាយមានជ័យៈ ជនសង្ស័យ​កាច់​សោ.ក​ម៉ូតូ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្វាយចេក​ ស្ទាក់ចាប់​ប្រផាប់ ប្រភីង បន្ទាប់​ពី​ធ្វើ​សកម្មភាព ​លួច​​​ម៉ូតូ​អ្នកដទៃ​ពី​ស្រុក​ថ្មពួក ​ឆ្លងកាត់​ស្រុក​ស្វាយចេក​​ កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រលួស ស្រុក​ស្វាយចេក ​ខេត្តបន្ទាយមានជ័យ។

លោក​វរសេនីយ៍ត្រី ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​ បាន​ឲ្យ​ដឹងថា ​ជន​សង្ស័យ​​ខាងលើ​មានឈ្មោះ វឹក វី ភេទ​ប្រុស ​អាយុ ២៤​ឆ្នាំ ​រស់នៅ​ភូមិ​ថ្មី​លិច ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ​ហើយ​ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង ​បន្ទាប់​ទទួល​បាន​ការ​សហ​ការណ៍​តាម​ទូរស័ព្ទ​ពី​លោក​អធិការនគរបាល​ស្រុក​ថ្មពួក ​ថា ​មាន​ករណី​លួច​ម៉ូតូ​ម៉ាក​ស្កុតពី​ ពណ៌​ស របស់ គ្រូបង្រៀន​ម្នាក់​ឈ្មោះ​ ទុយ ប៊ុន​ទាប់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក នៅ​សាលា​អនុវិទ្យាល័យ​ឃុំ​ភូមិ​ថ្មី ​ខណៈដែល​គ្រូបង្រៀន​ដាក់​បញ្ឈរ​ម៉ូតូ​ទុកចោល​មិន​ដក​សោ​ចេញ​ហើយ​ចូលក្នុង​អាគារ​បណ្ណាល័យ។

លោក​បញ្ជាក់​ថា ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម លោក​បាន​ដាក់​ពង្រាយ​ក​ម្លាំ​ង​នគរបាល​ តាមផ្លូវ​ជាតិ​លេខ​៥៦A ក្នុងភូមិ​សាស្ត្រ ​ស្រុក ស្វាយចេក ក្រោយមក​សមត្ថ​កិច្ច​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ជិះ​ម៉ូតូ​ដែល​គេ​លួច​នោះ ឆ្លងកាត់​ចំណុច​ត្រួតពិនិត្យ​កម្លាំង​នគរបាល។

សមត្ថកិច្ច​ក៏បាន​ចេញ​ស្ទាក់​ ហើយ​ជិះ​ម៉ូតូ​ប្រដេញ​ចាប់បាន​នៅពេល​ជនសង្ស័យ​ព្យាយាម​បើក​រត់គេច​ចូល​វាលស្រែ​ និង​ចំការ​​ដំឡូង​។​ បច្ចុប្បន្ន ជនសង្ស័យ​​ត្រូវ​បាន​នគរបាល​ស្រុក​ស្វាយចេក ​ចាប់​ប្រគល់​ឱ្យ​នគរបាល​ស្រុក​ថ្មពួក​ ដើម្បី​​​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

FullSizeRender2FullSizeRender3IMG_4441FullSizeRender1

មតិយោបល់