ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! កូនប្រសារទាញកាំបិតផ្គាក់ ដេញកាប់ឪពុកក្មេក ប៊ិះ…

កំពង់ស្ពឺៈ នៅវេលាម៉ោង ០៩ និង២០នាទីព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ មានករណីហិង្សា នៅក្នុងគ្រួសាររវាងកូនប្រសារ និងឪពុកក្មេក ស្ថិតក្នុងភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុងឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនបង្កមានឈ្មោះ មឿន នី ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានយកកាំបិតផ្គាក់ដងដែក ប្រវែង ៥៧សង់ទីម៉ែត្រ ដេញកាប់ឪពុកក្មេក រត់ផ្អើលពេញភូមិ។

ជនរងគ្រោះមានឈ្មោះ មិន មួន ភេទប្រុស អាយុ ៦៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មូលហេតុ៖ ខឹងសុំលុយប្រពន្ធ យកទៅលោះចិញ្ជៀនមាស ដែលបញ្ចាំគេមិនបាន។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្ដី បានសុំលុយប្រពន្ធ យកទៅលោះចិញ្ជៀនមាស តែប្រពន្ធមិនឲ្យ ព្រមទាំងបានសួរដេញដោល ទើបប្ដីផ្ទុះកំហឹងឈ្លោះប្រកែកគ្នាខ្លាំង ស្របពេលនោះ ឪពុកក្មេកក៏ដើរចូលមកមើល រួចហាមកុំឲ្យឈ្លោះគ្នា រំពេចនោះជនសង្ស័យ ក៏ស្ទុះទៅទាញកាំបិតផ្គាក់ មកដេញកាប់ឪពុកក្មេក រត់សឹងមិនទាន់ ជាន់ចាន ជាន់ឆ្នាំងផង ផ្អើលអស់អ្នកស្រុក មកជួយឃាត់ចាប់បាន រួចប្រគល់ជូនសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានដកហូតយកវត្ថុតាង និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅការិយាល័យជំនាញខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់