កណ្តាលៈ អគ្គិភ័យមួយ បានឆាបឆេះចម្ការក្រូចអស់ ០៦ ហិតា សង្ស័យមកពីការដុតសំរាម កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ម្ចាស់ចម្ការឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ មានផ្ទៃដីដាំចម្ការទំហំ ៥២ហិតា ហើយត្រូវអគ្គិភ័យឆេះអស់ទំហំ ០៦ហិតា។
ពាក់ព័ន្ធនឹងករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង ដឹកនាំដោយលោកវរៈសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង សហការជាមួយកម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ រួមនឹងបងប្អូនប្រជាពលរដ្ឋ បានធ្វើការពន្លត់ទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់ឡានទឹកចំនួន០៣គ្រឿង អស់ទឹកចំនួន ១០ឡាន។
មូលហេតុ៖ ដុតសំរាម និងចោលកន្ទុយបារី ។
ហេតុការណ៍នេះ មិនបង្កឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងដំណាំផ្សេងៗនោះទេ៕
មតិយោបល់