ព័ត៌មានជាតិ

វ៉ាក់អឺ ចាប់ហ្វ្រាំងមិនទាន់ ស្ត្រីវ័យម្នាក់ ជិះម៉ូតូ PCX ស្លាកលេខនគរបាល 1-3500 បុករថយន្ត Starex សន្លប់ស្ដូកស្ដឹង នៅមុខច្រកចូលផ្ទះសំណាក់ ស្ទឹងលាភ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្ត្រីម្នាក់សន្លប់ស្ដូកស្ដឹង ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ
កាលពីវេលាម៉ោង០៩ និង៥០នាទីយប់ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខច្រកចូលផ្ទះសំណាក់ ស្ទឹងលាភ លើកំណត់ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក Starex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S-6979 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ២៧១ មកដល់ចំណុចកើតហេតុ មុខផ្ទះសំណាក់ស្ទឹងលាភ ស្រាប់តែមានស្ត្រីវ័យកណ្តាលម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Honda PCX ពណ៌ស ស្លាកលេខនគរបាល 1-3500 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បានវ៉ាក់អឺ ទើបចាប់ហ្រាំងបោកដួលអូស ប្រហែលជិត១០ម៉ែត្រ ទៅបុកចំពីមុខរថយន្ត Starex កំពុងបត់ឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសសន្លប់ស្ដូកស្ដឹង ហើយត្រូវបានរថយន្តគិលានសង្គ្រោះ មកដឹកទៅសង្គ្រោះភ្លាមៗផងដែរ។

ចំណែកកាបូបលុយរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ រក្សាទុកបណ្ដោះអាសន្ន រង់ចាំប្រគល់ឲ្យសាច់ញាតិជនរងគ្រោះវិញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង និងស្ទូចវត្ថុតាង យកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្ត៕

មតិយោបល់