ព័ត៌មានជាតិ

រថយន្តព្រូស បើកបុកសំយាបផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា បើករថយន្តព្រូសមួយគ្រឿងបោះពួយយ៉ាងលឿន មកដល់ផ្លូវបំបែកច្រមុះជ្រូក ក៏បានបួងចង្កូតខ្លាំងពេក ទើបជ្រុលទៅបុកចូល សំយាបផ្ទះប្រជាពលរដ្ឋសង់ដាក់សម្ភារនៅខាងមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង ១២ កណ្តាលអធ្រាត្រថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចអត់លេខ តាមបណ្ដោយផ្លូវ ៣៤៩ កែងច្រមុះជ្រូក និងផ្លូវ៣៥១ ក្បែរនិង ខាងក្រោយសាលាអន្តរជាតិប៊ែលធី ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2AV-8616 បើកបរក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវ ៣៤៩ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ។ លុះដល់ចំណុចកើតហេតុ ដែលជាចំណុចបំបែកច្រមុះជ្រូក ស្រាប់តែរថយន្តបង្កខាងលើ បានបួងចង្កូតទៅខាង ស្តាំតាមផ្លូវ ៣៤៩ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកសំយាបផ្ទះ កើតហេតុ ដែលសង់ពីឈើប្រកស័ង្កសីទំហំប្រមាណ ៤x២ម៉ែត្រ សម្រាប់ទុកសម្ភារ ប្រើប្រាស់ដូចចានឆ្នាំង និងរទេះ ដាក់ម្ហូប សម្រាប់យកទៅលក់នៅខាងមុខ រោងចក្រ បណ្តាលឲ្យបាក់ស្រុតធ្លាក់មកក្រោម រងការខូចខាត ស្ទើរទាំងស្រុង ចំណែកឯរថយន្តបង្ក បានរងការខូចខាតក្រពឹត កាងខាងមុខនិងឆ្កូតថ្នាំបន្តិចបន្តួច ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកដល់ កន្លែងកើតហេតុ ហើយក៏មានដំណាងភាគីខាងរថយន្តបង្កបានចេញមុខមក សម្រាប់ ដោះស្រាយជាមួយនិងភាគីម្ចាស់ផ្ទះ ដោយភាគីទាំងពីរមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏ព្រមសម្របសម្រួលដោះស្រាយគ្នា ដោយភាគីខាងរថយន្តបង្ក បានចេញសំណង ចំនួន ៦០០ដុល្លារ ឲ្យទៅភាគីម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់