ព័ត៌មានជាតិ

Update៖ រថយន្តបត់ក្រោយ មិនប្រយ័ត្ន ត្រូវម៉ូតូជិះបុក បណ្តាលឲ្យស្លាប់ម្នាក់

ភ្នំពេញៈ រថយន្តគ្រឿងតាកូម៉ាមួយគ្រឿង បើកព្យាយាមវ៉ាជែង និងបត់ត្រលប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូជិះលឿនមកពីក្រោយ ជ្រុលបុកចំពាក់កណ្តាល បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូភ្លាមៗ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៨និង១០នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខវត្តឃ្មួញ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះមានឈ្មោះ តេង លុច ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅឯខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ បុរស រងគ្រោះខាងលើ បើកម៉ូតូមួយគ្រឿងម៉ាក RX ពណ៌ក្រហម គ្មានស្លាកលេខ ដោយ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅមកពីទំនប់កប់ស្រូវ ឆ្ពោះទៅផ្សារដីហុយ ក្នុងល្បឿនលឿន។ ស្របពេលគ្នានោះដែរ ក៏មានរថយន្ត មួយគ្រឿងទៀតម៉ាកតូយូតា តាកូម៉ាពណ៌ក្រហម មិនចាំស្លាកលេខ បានបើកមកពីក្រោយ ស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន និង ព្យាយាមបើកវ៉ាជែងខាងស្តាំ ម៉ូតូរបស់ជនរងគ្រោះខាងលើផងដែរ។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ ក៏បត់ឆ្វេងត្រលប់ទៅក្រោយ វិញ ដោយមិនបានស៊ីញ៉ូរភ្លើងជាសញ្ញានោះទេ ខណៈនោះ ធ្វើឲ្យម៉ូតូរងគ្រោះ វ៉ាក់ អើ ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្ត ដែលបើកបត់ត្រលប់ក្រោយ ខ្វះការប្រុងប្រយ័ត្នខាងលើ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យម៉ូតូរងខូចខាត យ៉ាងដំណំ រីឯបុរសរងគ្រោះ ដែលជាអ្នកបើកបរ បានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹង។ ចំណែករថយន្ត ដែលបើក បត់ត្រលប់ក្រោយខាងលើ បានបន្ថែមល្បឿន បើករត់គេចខ្លួនបាត់ស្រមោល ដោយ សុវត្ថិភាព។

ប្រភពដដែលបានបន្តថា ភ្លាម ៗ នោះក៏មានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ បានឃើញហេតុការណ៍ ក៏បាននាំគ្នាធ្វើការជួយសង្គ្រោះបឋមទៅលើបុរសរងគ្រោះ ខាងលើ និងបាននាំរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានក៏ដូចជារថយន្តសាមូយ ឲ្យ ចុះមកធ្វើការអន្តរាគមន៍សង្គ្រោះ។ តែជាអរកុលស ខណៈដែលរថយន្តសាមូយ មិន ទាន់និងមកដល់ផង ស្រាប់តែបុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់ទៅហើយ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវ និងទាក់ទងទៅ រកសាច់ញាតិសពបុរសរងគ្រោះឲ្យបានដឹង ។ បន្ទាប់មកក៏មានសាច់ញាតិប្រុសស្រី ៥ទៅ៦ បានបើករថយន្តមួយគ្រឿង ម៉ាក តាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2T-4255 ចុះមកដល់កន្លែងកើតហេតុ ដោយស្រែកទ្រហោយំយ៉ាងគួរឲ្យ សោកសង្រេង ។ ខណៈនោះបែរជាបុរសម្នាក់ ដែលត្រូវជាពូរបស់រងគ្រោះ បានមកទាមទារសម្ភាររបស់ជនរងគ្រោះ ពីសមត្ថកិច្ចធ្វើការដកហូត រក្សាទុក ថែមទាំងនាំគ្នាលើកបីពសបុរសរងគ្រោះ យកទៅដាក់លើរថយន្ត រួមជាម៉ូតូជនរងគ្រោះ ដើម្បីយកពសបុរសរងគ្រោះ ទៅធ្វើ បុណ្យតាមប្រពៃណី នៅឯផ្ទះ ។ ដោយមិនព្រមទុកសពបុរស រងគ្រោះឲ្យសមត្ថកិច្ច ធ្វើការតាមនីតិវិធីច្បាប់នោះទេ ទោះបីជាសមត្ថកិច្ចជំនាញ ខំព្យាយាមពន្យល់យ៉ាងណាក៏ដោយ ក៏បុរសដែលជាពូនៅតែមិនព្រម និងស្រែកឲ្យសមត្ថកិច្ចថា បានប្រយោជន៍អី បើរថយន្តបង្ក បើករត់បាត់ទៅហើយ រួចក៏បើករថយន្តដឹកសពបុរសរងគ្រោះ ចេញពីកន្លែងកើតហេតុបាត់ទៅ ៕

មតិយោបល់