ឧត្ដរមានជ័យៈ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ព្រឹកនេះ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅតាមស្តង់ និងម៉ាតនាៗក្នុងស្រុកអន្លង់វែង ក្នុងគោលដៅ ដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញ ខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក្នុងការត្រួតពិនិត្យមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាព មិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារជាច្រើនមុខ។
ជាលទ្ធផលមន្ត្រីជំនាញរកឃើញទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចម្រុះសរុបប្រមាណ ១៦០គីឡូក្រាមរួមមាន៖
– ទឹកក្រូចដបតូចចំនួន ២៤០ដប
– នំកញ្ចប់កូនក្មេងចំនួន ៣៤កញ្ចប់
– ប្រេងឆាចំនួន ៤២ដប
– មីម៉ាម៉ាចំនួន ២៥កញ្ចប់
– សៀងចំនួន ៣ដប
– ទឹកគូលេនចំនួន ៤កំប៉ុង
– ស្ករក្មេងចំនួន ២កំប៉ុង
– ដំណាប់ទំពាំងបាយជូចំនួន ៣ប្រអប់
– ទឹកដោះគោបឺតក្មេងចំនួន ១១ប្រអប់តូច។
ក្រោយមកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យាផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវ ផលិតផលម្ហូបអាហារទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល៕
មតិយោបល់