ព័ត៌មានជាតិ

អតីតកីឡាករប្រដាល់លោក វោយ សុធន់ ត្រូវរថយន្ត ស្លាកលេខខេមរភូមិន្ទ01 2-8709 បុកបាក់ជើង

ភ្នំពេញ: កាលពីថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង៤៥នាទីយប់ មានករណីរថយន្ត បុកអតីតកីឡាករប្រដាល់ក្បាច់គុនខ្មែរ លោក វោយ សុធន់ មានរហ័សនាម (ជង្គុងពិឃាត) ស្ថិតនៅត្រង់ចំណុចផ្លូវលេខ១៨ កែងនិងផ្លូវរដ្ឋសភាជាអតីតផ្សារកុងន័រចាស់ បណ្ដាលឲ្យបាក់ជើងស្ដាំយ៉ាងធ្ងន់ធ្ងរ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណ:ដែលលោក កំពុងជិះម៉ូតូ០១គ្រឿង ម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CN-6000 ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានរថយន្ត០១គ្រឿង ម៉ាក Luxis RX350 ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-8709 បានបើកមកបុកម៉ូតូគាត់ពីក្រោយពេញទំហឹង ដោយរថយន្តបង្កបែកកង់ ផ្ទុះធុងទឹកទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ មកមើល និងជួយឃាត់រថយន្ត មិនឲ្យទៅណាផងដែរ។

ក្រោយកើតហេតុប្រជាពលរដ្ឋ បានធ្វើការទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាន ចំណែកឯជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ហៅឡានសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់៕

មតិយោបល់