ព័ត៌មានជាតិ

Updated៖ ដឹងមូលហេតុហើយ! រថយន្តស្រាបៀរអង្គរ បុករថយន្តស្រាបៀរកម្ពុជា បណ្ដាលឲ្យរងរបួសធ្ងន់

កំពង់ធំ: នៅវេលាម៉ោង ១០ និង២០នាទីថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ មានករណីរថយន្តដឹកស្រាបៀរអង្គរ បុករថយន្តស្រាបៀរកម្ពុជា បណ្ដាលឲ្យរបួសធ្ងន់ និងខូចខាតរថយន្តយ៉ាងដំណំ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្លូវប្រសព្វរាងអក្សរY ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាក ហ៊ីនយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 3A-2009 របស់ក្រុមហ៊ុនស្រាបៀរអង្គរ បើកបរដោយឈ្មោះ សេង ដែន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអំពៅឌៀប ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបើកជៀសរថយន្តក្រុង ដែលឈប់នៅលើដងផ្លូវ ក៏ជ្រុលចង្កូតទៅបុករថយន្តស្រាបៀរកម្ពុជា កំពុងតែធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់។

រថយន្តរងគ្រោះម៉ាក ហ៊ីនយ៉ាន់ដាយ ពណ៌ស+ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-2158 របស់ក្រុមហ៊ុនស្រាបៀរកម្ពុជាបើកបរពីត្បូងទៅជើង មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ បង្កឡើងអ្នកបើកបររថយន្តស្រាបៀរអង្គរ បើកបរជៀស រថយន្តក្រុងដែលឈប់លើផ្លូវ ហើយជ្រុលចង្កូតទៅបុករថយន្តដឹកស្រាបៀរកម្ពុជា ដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយទិសគ្នា។

បច្ចុប្បន្ន វត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់