ព័ត៌មានជាតិ

ជនជាតិអូស្ត្រាលីម្នាក់ ដេកស្លាប់ទាំងកណ្ដាលអធ្រាត្រ នៅបន្ទប់សណ្ឋាគារបុរីអង្គរ

សៀមរាបៈ នៅវេលាម៉ោង ០១និង៣០នាទីយប់ឈានចូលថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់បានស្លាប់ នៅចំណុចបន្ទប់លេខ១៥៣ សណ្ឋាគារបុរីអង្គរ ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ TRATTER TREVOR JOSEPH ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិអូស្ត្រាលី ជាភ្ញៀវទេសចរណ៍ចូលមក ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ EXPEDIA ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប្រើថ្នាំ ងងុយដេកច្រើនហួសកម្រិត។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅសាលតម្កល់សពស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេច របស់ក្រុមគ្រួសារ និងស្ថានទូត៕

មតិយោបល់