ព័ត៌មានជាតិ

ជនធ្លាប់ជាប់ពន្ធនាគារម្នាក់ ត្រូវកម្លាំងរាជធានី-ខេត្ត ចុះបង្រ្កាបនិងឃាត់ខ្លួនពាក់ព័ន្ធករណីប្លន់

ព្រៃវែង: នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិភ្នាត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង កម្លាំងជំនាញនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង ជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅ ង៉ោល ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិចុងទួល ឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) ។

ប្រតិបត្តិការនេះដឹកនាំដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចង្អុលបង្ហាញមកកាន់ការិយាល័យជំនាញ ដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៦និង៣០នាទី ជនរងគ្រោះឈ្មោះ ម៉ុម ថាណូ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បានជិះរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ ២AW-៩៧៣៨ ចេញពីផ្ទះ ដើម្បីទៅហូបគុយទាវ នៅម្តុំផ្សារឈូកមាសជាមួយឈ្មោះ ណាំង វិល័យ ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ឯក សុខន ភេទប្រុស អាយុ៥៩ឆ្នាំ ។

ក្រោយមកនៅវេលាម៉ោង០៩និង០០នាទី ជនរងគ្រោះបើករថយន្តម្នាក់ឯងទៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ចំណែកឈ្មោះ ណាំង វិល័យ និងឈ្មោះ ឯក សុខន ជិះរថយន្ត០១គ្រឿងទៀត ទៅតាមក្រោយ នៅពេលដែលអ្នកទាំងពីរបានទៅដល់ដីឡូតិ៍ របស់ជនរងគ្រោះ ដោយស៊ីផ្លេររថយន្តឲ្យបើកទ្វាររបង តែជនរងគ្រោះបានស្រែកហៅឲ្យជួយផង បែកក្បាលហូរឈាមឈឺណាស់ ភ្លាមនោះឈ្មោះ ណាំង វិល័យ បានស្រែកហៅកម្មករម្នាក់ ឲ្យផ្លោះរបងចូលក្នុងដីឡូតិ៍ វាយផ្តាច់មេសោ ហើយបានជួយជនរងគ្រោះ ទៅព្យាបាលនៅគ្លីនិច រ៉េមប៉ូ ។

សម្ភារ:បាត់បង់រួមមាន៖ ចិញ្ចៀនត្បូងពេជ្រ០១វង់, ទូរស័ព្ទម៉ាក សាំសុង អេច៩ មួយគ្រឿង និងម៉ាកអូប៉ូមួយគ្រឿង ។

ចំពោះជនសង្ស័យឈ្មោះ បាន ណារ័ត្ន ហៅង៉ោល ធ្លាប់មានប្រវត្តិសកម្មភាពលួចរថយន្ត ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងបានជាប់ពន្ធនាគារ រយ:ពេល មួយឆ្នាំកន្លះ និងបានចេញនៅខែកក្កដា ឆ្នាំ២០២១ ។

បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

មតិយោបល់