ព័ត៌មានជាតិ

ទើបចែកផ្លូវគ្នាបាន១០ ថ្ងៃ លោកប្តី តាមវាយដល់បន្ទប់ របួសយ៉ាងដំណំ

ភ្នំពេញ: ស្ត្រីម្នាក់ ត្រូវប្តីប្រើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិញឹកញាប់ពេក ទ្រាំលែងបាន ក៏សម្រេចចិត្តសុំបែកផ្លូវគ្នា តែត្រូវបុរសជាប្តីតាមមកវាយ បណ្តាលឲ្យរងរបួស បាក់ក្តោងច្រមុះ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះឈ្មោះ ឈុន លីមុន្នីរដ្ឋា អាយុ ៣០ ឆ្នាំ មុខរបរ លក់ស៊ុប រស់នៅបន្ទប់ ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបុរសជាប្តីឈ្មោះ កែវ បូរ៉ាស៊ី ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ អ្នកបើករថយន្ត ស្នាក់នៅជាមួយគ្នា។

តាមសម្ដីនារីរងគ្រោះ បានឲ្យដឹងថា រូបនាងជាកូនកំព្រា បានស្រទ្បាញ់គ្នា ជាមួយប្តី បានប្រមាណ៨ ឆ្នាំមកហើយ តែពុំបានរៀបអាពាហ៍ពិពាហ៍នោះទេ មានកូន ២ នាក់ ប្រុសទាំងពីរ នាក់ ដោយកូនបង អាយុ ៥ ឆ្នាំ និងកូនប្អូនអាយុ ២ ឆ្នាំ។

អំទ្បុងពេលរស់នៅជាមួយគ្នាកន្លងមក ប្តីរបស់នាងតែងតែប្រើហិង្សាជាញឹកញាប់ ថែមទាំងបំផ្លាញទ្រព្យសម្បត្តិ សឹងរាប់ម៉ឺនដុល្លារផងដែរ ធ្វើឲ្យនាងទ្រាំលែងបាន ហើយសុំចែកផ្លូវគ្នា ទើបតែបានចំនួន ១០ ថ្ងៃ និងបានរើដូរផ្ទះជួលបាន ២ ថ្ងៃប៉ុណ្ណោះ។

ទោះបីជានាងផ្លាស់ផ្ទះថ្មី មិនឲ្យបុរសជាប្តីដឹងក៏ដោយ តែយ៉ាងណាប្តីនាង បានតាម រកទីតាំងថ្មីឃើញ ក៏បានប្រើហិង្សាមកលើរូបនាង បណ្ដាលឲ្យរបួសយ៉ាងដំណំ រួចគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ច ឃាត់ បុរសខាងលើ មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់