សៀមរាបៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ៨ និង៣០នាទីយប់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ នៅចំណុចសណ្ឋាគាររ៉ូយ៉ាល់អង្គររីសត ស្ថិតនៅភូមិកសិកម្មសង្កាត់ស្រង៉ែ ក្រុងសៀមរាប មានជនបរទេសម្នាក់ បានលង់ទឹកអាងក្នុងសណ្ឋាគារស្លាប់។
លោកវរៈសេនីយ៏ឯកផេងពេជ្រនាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ FENG YUZHEN ភេទស្រី កើតថ្ងៃទី០២ វិច្ឆិកា ១៩៤៤ ជាជនជាតិចិន កាន់លិខិតឆ្លងដែន លេខE៥៦៩១៤៣៥៦ ជាភ្ញៀវទេសចរណ៍។ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប តាមរយៈក្រុមហ៊ុនទេសចរណ៍ឆាងយ៉ុង ស្នាក់នៅបន្ទប់លេខ៥០៣ សណ្ឋាគារខាងលើ។
ផ្អែកតាមការស្រាវជ្រាវត្រួតពិនិត្យ របស់កម្លាំងសមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិតអ៊ិតឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្ត បានឲ្យដឹងថា លើខ្លួនសាកសព គ្រូពេទ្យកោសល្យវិច័យ បានពិនិត្យជនរងគ្រោះ ឃើញសពមានសភាពពោះប៉ោងតឹង មាត់ច្រមុះត្រចៀកមានទឹក ចុងម្រាមឡើងស្វាយនោះ អាចវាយតម្លៃបានថា សពស្លាប់ដោយសារស្ទះផ្លូវដង្ហើម ដោយដកដង្ហើមទឹកចូលសួតច្រើនលើសកម្រិត និងពុំមានការជួយសង្ក្រោះទាន់ពេលវេលា។
ក្នុងករណីនេះ ពុំមានពាក់ព័ន្ធទៅនិងបទល្មើសព្រហ្មទណ្ឌទេ ជនរងគ្រោះស្លាប់ ដោយលង់ទឹក ដោយខ្លួនឯងពិតប្រដកមែន។
សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅសាលតម្កល់សពស្ទឹងមានជ័យរាជធានីភ្នំពេញ រងចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕





មតិយោបល់