ព័ត៌មានជាតិ

មានដំណឹងខ្លះហើយ! ករណីរថយន្ត Rang Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកនិស្សិតស្រីរៀនពូកែនៅសាលាហ្សាម៉ាន់ស្លាប់ សង្ស័យកូនស្រីថៅកែសណ្ឋាគារខេត្តសៀមរាប

ភ្នំពេញ: អ្នកបើកបររថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 ដែលបុកនិស្សិតស្រី ឆ្នាំទី៤ ម្នាក់ បណ្ដាលឲ្យស្លាប់បាត់បង់ជិវិតនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ដោយសង្ស័យថាជាកូនស្រីថៅកែសណ្ឋាគារ នៅខេត្តសៀមរាប។

គួររំឭកថា កាលពីវេលាម៉ោង១ និង២៥នាទីរសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ មានរថយន្តម៉ាក RANGE ROVER បានបើកបុកម៉ូតូ បណ្តាលឲ្យនិស្សិតស្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅតាមបណ្តោយផ្លូវ៣១៧ កែងផ្លូវ លេខ៥២៨ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយរថយន្តបង្ក បានបើកគេចខ្លួនបាត់ រហូតមកដល់វេលាម៉ោង ១២ និង១០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃពុធទី២៧ ខែមិនា ឆ្នាំ ២០១៩ ទើបប្រទះឃើញនៅមុខយានដ្ឋានឯក រិទ្ធី តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីនេះដែរ បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គម Facebook យ៉ាងខ្លាំង រហូតមានការអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ តាមចាប់ជនបង្កឲ្យទាល់តែបាន។

ជនរងគ្រោះឈ្មោះ ឌុំ រីដា ភេទស្រីអាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកទំនាក់ទំនងអន្តរជាតិ (ជិតដល់ថ្ងៃទទួលសញ្ញាបត្រខាងមុខហើយ) នៃសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់» មានស្រុកកំណើត នៅភូមិព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកបិច ពាក់ស្លាកលេខកណ្តាល1J 5254។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕

មតិយោបល់