ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! រកឃើញទឹកដោះគោប្រអប់ ទឹកសូដា នំចម្រុះ ខូចគុណភាព

ព្រះសីហនុៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដោយមានការសហការចូលរួមពីមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅម៉ាតតាមបណ្តោយផ្លូវឯករាជ្យ និងតាមតំបន់ឆ្នេរអូឈើទាល ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលនៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
១-ម៉ាតយ៉ាស្មីន
-ទឹកសូដា ចំណុះ ៣៣០មីលីលីត្រ ចំនួន ៦៧កំប៉ុង ស្មើនឹង ២២.១១គីឡូក្រាម
២-ម៉ាត មានវិចិត្រ
-ទឹកដោះគោប្រអប់ចំណុះ ១លីត្រ ចំនួន ៣ប្រអប់ ស្មើនឹង ៣គីឡូក្រាម
-នំចម្រុះ ចំនួន ៥ប្រអប់ ស្មើនឹង ១.២គីឡូក្រាម
សរុបទំនិញដកហូតបានប្រហែល ចំនួន ២៦.៣១គីឡូក្រាម។

បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុ ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់