ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន លក្ខិណា ក្លាយជាតារាកិត្តិយសនៅសិង្ហបុរី

ភ្នំពេញៈ ជារឿងគួរឲ្យចាប់អារម្មណ៍ដែលតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ កញ្ញា ថន លក្ខិណាត្រូវបានក្រុមហ៊ុនប្រេងឥន្ធនៈធំមួយរបស់ប្រទេសថៃ ជ្រើសរើសឲ្យក្លាយជាតារាកិត្តិយសនៅក្នុងព្រឹត្តិការណ៍មួយដែលគ្រោងនឹងធ្វើនៅក្នុងប្រទេសសិង្ហបុរី។ យោងតាមការបញ្ជាក់ នាងគឺជា តំណាងរបស់ក្រុមហ៊ុន និងជាតំណាងតារាកម្ពុជាតែម្នាក់គត់ដែលទទួលបានឱកាសនោះ។

ការទម្លាយរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTTបានអះអាងថា ក្នុងអំឡុងខែតុលាខាងមុខ ក្រុមហ៊ុននឹងធ្វើយុទ្ធនាការជ្រើសរើសអតិថិជន៦រូបឲ្យដើរកម្សាន្ត និងទស្សនៈកិច្ចជាលើកដំបូងនៅក្នុងប្រទេសសិង្ហបុរី ដោយក្រុមហ៊ុននឹងជ្រើសយកតារាពីកម្ពុជាម្នាក់ឲ្យចូលរួមជាតារាកិត្តិយស។ មានការបញ្ជាក់ថា កញ្ញាថន លក្ខិណា គឺជាតំណាងរបស់ក្រុមហ៊ុនសម្រាប់កម្មវិធីនោះ ក្នុងពេលដែលតម្លៃខ្លួនត្រូវបានទម្លាយទទួលបានរាប់ពានដុល្លារមិនគួរឲ្យជឿ ដោយក្រុមហ៊ុនបានទាំងព្រមតាមសំណើយកម្ដាយរបស់នាងឲ្យចេញទៅក្នុងគម្រោងនោះដើម្បីដើរកម្សាន្តផង។ មន្ត្រីជាអ្នករៀបចំកម្មវិធីបានអះអាងថា ថន លក្ខិណា ត្រូវបានក្រុមហ៊ុនជ្រើសរើស ជាមួយនឹងតម្លៃខ្លួនខ្ពស់ដោយសារតែនាងគឺជាតារាល្បីនៅកម្ពុជា និងជាតារាដែលអាចប្រើភាសាថៃបានច្បាស់។ ក្រុមហ៊ុនបន្តថាចាប់ពីខែកក្កដានេះតទៅ ខ្លួននឹងជ្រើសរើសរកអ្នកឈ្នះរង្វាន់ចេញដើរកម្សាន្តនៅក្នុងប្រទេសសិង្ហបុរីក្នុងមួយខែ២រូប រហូតទទួលបានគ្រប់៦នាក់ នឹងធ្វើដំណើរនៅដើមខែតុលាតែម្ដង។

ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញាថន លក្ខិណា បានថ្លែងប្រាប់ Post news ថា នាងពិតជាទទួលបានកុងត្រាជាមួយក្រុមហ៊ុនប្រេងឥន្ធនៈរបស់ថៃមួយនេះ សម្រាប់តំណែងជាតារាកិត្តិយសនៅក្នុងព្រឹត្តិការណ៍ដែលនឹងធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីប្រាកដមែន។ យ៉ាងណាមិញ នាងថាមិនទាន់ចង់ទម្លាយព័ត៌មាននោះឲ្យបានលម្អិតនៅឡើយទេ ដោយសារតែនាងមិនទាន់បានទទួលការអនុញ្ញាតិដោយផ្ទាល់មាត់សម្រាប់ការបញ្ចេញព័ត៌មាននោះឡើយ។ នាងទទួលស្គាល់ថាខ្លួនទទួលបានតម្លៃខ្លួនដល់ច្រើនពាន់ដុល្លារមែន ប៉ុន្តែអ្វីដែលធ្វើឲ្យនាងសប្បាយចិត្តសម្រាប់តំណែងដែលខ្លួនទទួលនោះ គឺដោយសារតែថាក្រុមហ៊ុនរបស់ថៃ PTT បានយល់ព្រមឲ្យម្ដាយរបស់នាងបានចេញដំណើរទៅជាមួយ ដែលមិនខុសពីឲ្យនាងមានឱកាសនាំម្ដាយទៅដើរកម្សាន្តនៅសិង្ហបុរីជាមួយគ្នាប៉ុណ្ណោះ។ នាងថាមុននេះបន្តិច ក្រុមហ៊ុនប្រេងឥន្ធនៈ PTT ក៏បានឲ្យនាងថតផ្សាយពីកម្មវិធីនេះផងដែរ ប៉ុន្តែមិនដឹងថាក្រុមហ៊ុននឹងធ្វើការផ្សព្វផ្សាយពេលណានោះទេ៕

មតិយោបល់