ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋ អតិថិជន រាប់រយនាក់ ដែលរងគ្រោះដោយសារ ក្រុមហ៊ុនធ្វើនំអត់ម្សៅមួយ យុីហោ សេង ហួត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៧២ ក្រុម២ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ លេងល្បិច ប្រើស្នៀតឆបោក លុយពីប្រជាពលរដ្ឋ អតិថិជន រាប់រយនាក់ ក្នុងរូបភាព ទិញ លក់ ជួល បង់រំលោះរថយន្ត គ្រប់ប្រភេទ ម្នាក់ៗថ្ងូរ ស្រែកទហោយំ អស់រាប់ពាន់ដុល្លា ជាប្រាក់កក់ ក្នុងការបង់រំលោះរថយន្ត ទៅតាមសេរី តែធាតុពិត កុំថាឡើយសំបក តួរឡាន សូម្បីតែកង់ឡានមួយគ្រាប់ ក៏មិនបានផង ។ រាល់ថ្ងៃទៅហើយ ដែលពលរដ្ឋរងគ្រោះ ទៅតវ៉ា ទាមទារលុយវិញ តែក្រុមហ៊ុន យកលេសដោះសារ ថាចាំថ្ងៃនេះ ចាំថ្ងៃនោះ ពីមួយថ្ងៃទៅមួយថ្ងៃ លុយក៏អស់ ឡានក៏អត់ ហើយនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះផងដែរ ពលរដ្ឋរងគ្រោះ ប្រមាណជាង៥០នាក់ លើកគ្នាទៅតវ៉ា ទាមទាររកសំណងលុយរបស់ខ្លួនវិញ បង្កឲ្យផ្អើលកក្រើក នាយកក្រុមហ៊ុន មេការ គេចខ្លួនបាត់ នៅតែទីតាំង សូម្បីតែឡានមួយគ្រឿងក៏គ្មានឃើញនៅឃ្លាំងដែរ ។
តាមប្រជាពលរដ្ឋរងគ្រោះ លើកឡើង ក្នុងរូបភាពឆបោក របស់ក្រុមហ៊ុន សេង ហួត ដែលមាន បុរសម្នាក់ ឈ្មោះ សេង សុភ័គ ជានាយកក្រុមហ៊ុនបោកប្រាស់ ពលរដ្ឋខ្លួន បង់លុយ១ពាន់ដុល្លា ទៅ៥ពាន់ដុល្លា តាមប្រភេទ សេរីរថយន្ត កក់ទុកមុន រងចាំឡានមកដល់ ក្រុមហ៊ុនប្រាប់ឲ្យមកយកជាក្រោយ តែធាតុពិត គ្មានទេរថយន្តនោះ បានលុយ មានទាំងឯកសារ លាយល័ក្ខអក្សរហើយ ឲ្យរងចាំពេលនេះ ពេលនោះ ហួសកំណត់ ទារលុយវិញ ក៏ក្រុមហ៊ុនមួយនេះមិនឲ្យ អ្នកខ្លះ ជេរ ប្រទេច ដាក់បណ្តាសារ ទៅបានលុយខ្លះមកវិញ ពលរដ្ឋខ្លះ អស់ដល់ទៅ ៥ពាន់ ១មុឺនដុល្លា ហើយទារវិញអត់បាន ឯកសារម្នាក់ៗកាន់ពេញដៃ ជាភស្តុតាង ។
សម្រាប់ការតវ៉ានៅល្ងាចថ្ងៃទី២៩ ខែមីនា នេះមានពលរដ្ឋ មួយចំនួនអះអាងថា គាត់បង់អស់២មុឺនដុល្លា បានទាំងឡានយកទៅប្រើប្រាស់២ទៅ៣ខែហើយ ក្រុមហ៊ុនលេងល្បិច ទៅតាមយកឡាននោះមកវិញ ថាមកមកភ្ជាប់ប្រព័ន្ធGPS ហើយក្រោយពីភ្នាក់ការងារក្រុមបោកប្រាស់យកឡានមកហើយ បាត់សូន្យ មិនដឹងបង្វិលឲ្យទៅខាងណាទៀត លើកពីមួយទៅដាក់មួយវិលជុំ ដូចសត្វកន្តេះឡង់ សាកសួររកឡានវិញ បាត់ឈឹង ។ ហើយមានពលរដ្ឋខ្លះលើកឡើង ក្រុមហ៊ុនសេង ហួត ប្រើល្បិចបោក ថាយកឡានទៅកិបស្លាកលេខ ទៅបាត់តែម្តង ។ ហើយក៏មានល្បិចបោក ក្នុងការទិញរថយន្ត ឲ្យតម្លៃ លើសហាងឆេងគួកជេរទៅទៀត អត់ដឹង ឲ្យ៥០ឬ១០០ដុល្លា ព្រមថាទិញ លក់ ត្រូវគ្នាហើយ សុំសាករថយន្ត បើកទៅបាត់ឈឹង ។
ពលរដ្ឋបន្តទៀតថា ពាក្យបណ្តឹង ទៅសមត្ថកិច្ច ទៅអាជ្ញាធរ ច្រើនណាស់ណាស់ទៅហើយ តែគ្មានដំណោះស្រាយ ទាល់តែសោះ ទុកឲ្យពលរដ្ឋ យំរហេមរហាម រាល់ថ្ងៃ នៅមុខក្រុមហ៊ុន ។
ពលរដ្ឋងឿងឆ្ងល់ ចុះស្ថាប័នពាក់ព័ន្ធ ចេះតែអនុញាតិច្បាប់ ឲ្យក្រុមហ៊ុន បន្តបើក បោកប្រាស់ប្រជាពលរដ្ឋ ក្នុងរូបភាពធ្វើនំអតើម្សៅ បែបនេះទៅកើត មានដឹងថា ក្នុងមួយថ្ងៃៗ ពលរដ្ឋ ទ្រហោស្រែកយំ ដោយសារចាញ់ល្បិចឆបោក របស់បុគ្គល សេង សុភ័គ ម្ចាស់ក្រុមហ៊ុន សេង ហួត មួយនេះ សូម្បីតែសំបកកង់ឡានមួយក៏គ្មានក្នុងឃ្លាំងផង ។
ពលរដ្ឋទទូចស្នើសុំ អាជ្ញាធរ សមត្ខកិច្ច ស្ថាប័នពាក់ព័ន្ធមេត្តា ជួយរកយុត្តិធម៌ សម្រាប់ពួកគាត់ផង រាប់រយនាក់ទៅហើយដែលចាញ់បោក ទទួលរងគ្រោះ ៕







មតិយោបល់