ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបពីរគ្រឿង បើកលឿនបុកគ្នាពេញទំហឹង នៅក្បែរកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ភ្នំពេញ: រថយន្តពីរគ្រឿង បើកបោះពួយយ៉ាងលឿន មិនប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវខ្វែង ក៏ជ្រុលទៅបុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ២៨៧ កែងនិងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាម៉ារីហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Z-3308 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៨៧ ក្នុងល្បឿនយ៉ាងលឿន។ ពេលនោះក៏មានរថយន្តមួយគ្រឿងទៀត ម៉ាកហ្វត់រ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-2227 បើកបរដោយយុវជនម្នាក់ និងរួមដំណើរជាមួយយុវជនបុរសស្រី៤ទៅ៥នាក់ទៀត ពីក្រោយ ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវ៥២៨ ក្នុងល្បឿនយ៉ាងលឿន។

មកដល់ចំណុចកើតហេតុ រថយន្តទាំងពីរគ្រឿង មិនប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក ក៏បុកគ្នាចំពីមុខពេញទំហឹង បណ្ដាលឲ្យរថយន្តហាយប្រ៊ិតរងការខូចខាតក្រពឹតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯរថយន្តហ្វត់រ៉េនជ័រ រងការខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងខាងឆ្វេង ប៉ុន្តែមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។

ក្រោយកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចក៏បានឲ្យភាគីទាំងពីរ ធ្វើការចរចាដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែង តែដោយសារការចរចាដោះស្រាយគ្នា មិនត្រូវសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញឲ្យចុះមកធ្វើការវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

មតិយោបល់