ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! អនិកជនខ្មែរម្នាក់ បើករថយន្តបុកឃឿន លើស្ពានជ្រោយចង្វារ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង

ភ្នំពេញ: បុរសម្នាក់ជាអនិកជនខ្មែររស់នៅប្រទេសបារាំង បានបើករថយន្តមួយគ្រឿងយ៉ាងលឿន ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ទៅបុកឃឿនស្ពានជ្រោយចង្វារពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាត តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកហ្វ័រន័ ពណ័ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2D-6081 ធ្វើដំណើរពីលិចឡើងស្ពានជ្រោយចង្វារ ឆ្ពោះទៅខាងកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកឃឿនស្ពានពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង រងការខូចខាតមួយចំហៀងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ បានទាក់ទងជំនាញមកវាស់វែង និងស្ទូចរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់