ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩នេះ បានសម្រេចឃុំខ្លួននាង យិន ម៉ាណា ក្នុងពន្ធនាគារជាបណ្តោះអាសន្ន ក្នុងពន្ធនាគារ ប៉េហ្ស៊ី ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ។
នាង យិន ម៉ាណា កូនស្រីលោក យិន ង៉ិច ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លើឈ្មោះ យិន ម៉ាណា ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ ដែលអាចប្រឈមមុខជាប់ពន្ធនាគាររហូតដល់៣ឆ្នាំ និងពិន័យជាប្រាក់រហូត១៥លានរៀល។
យោងមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា «ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីច្បាបចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឲ្យស្លាប់អ្នកដទៃស្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងអាចពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល»។
ក្នុងមាត្រាដដែលនេះ បានចែងបន្តទៀតថា ជនបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ដោយសារការបើកបរធ្វេសប្រហែស ក៏អាចប្រឈមមុខនឹងការផ្តន្ទាទោសបន្ថែម តាមមាត្រា៥៣នៃក្រមព្រហ្មទណ្ឌ ដែលហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទ។
នៅក្នុងថ្ងៃនេះដែរ ម្តាយសពនិស្សិតឆ្នើមឈ្មោះ ឌុំ រីដា បានដាក់ពាក្យបណ្ដឹងទារសំណងជំងឺចិត្តពីគ្រួសារជនបង្ករហូតដល់២សែនដុល្លារអាមេរិក៕






មតិយោបល់